(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម បានថ្លែងថា រាជរដ្ឋាភិបាល ប៉ាន់ប្រមាណថាក្នុងមួយឆ្នាំៗ រដ្ឋាភិបាលនឹងចំណាយថវិកាប្រមាណ២៣ម៉ឺនដុល្លារបន្ថែមទៀត  ទៅលើរបបថែទាំសុខភាព​សម្រាប់បុគ្គលិកបម្រើការសេវាកម្សាន្ដ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ដែលរាជរដ្ឋាភិបាលទើបនឹងប្រកាសដាក់ឱ្យអនុវត្តនៅក្នុងខែមិថុនានេះ។

លោកបណ្ឌិត ចន ណារិទ្ធ ថ្លែងបែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន​ស្ដីពី «ការដាក់ឲ្យអនុវត្តរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌ សម្រាប់បុគ្គលិកបម្រើការសេវាកម្សាន្ដ» នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

លោកបានលើកឡើងថា ​ការប៉ាន់ប្រមាណថា នឹងចំណាយថវិកាក្នុងកម្រិតនេះ ដោយសារបច្ចុប្បន្នកម្ពុជាបានអនុវត្តរបបថែទាំរបបថែទាំសុខភាព​ពីរ​ហើយ គឺទី១ ​របប ប.ស.ស ​ដែលមួយចំនួនធំបានស្ថិតនៅក្នុងប្រព័ន្ធដែលទទួលបានការគ្របដណ្តប់ និង ទី២ បបមូលនិធិ​ ដែលប្រសិនបើគាត់ស្ថិតក្នុងភាពក្រីក្រ​ ពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ពីរបបនេះ។​

បើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃក្រសួងការងារបានឱ្យដឹងថា​គិតមកដល់ពេលនេះ ចំនួនអ្នកដែលបានចុះបញ្ជីរួចរាល់មានចំនួន២ ១៤៦នាក់  ក្នុងនោះស្រ្តីមានចំនួន១ ៤២៧នាក់។​ក្រសួងនឹងបង្កើនល្បឿនក្នុងការចេញបណ្ណនេះឱ្យបានច្រើនជាអតិបរមា។​

​សូមជម្រាបថា រាជរដ្ឋាភិបាលបានសម្រេចផ្តល់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្រ្តីដែលបម្រើការនៅតាមរង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និងស្ប៉ា ។

រាជរដ្ឋាភិបាលបានអំពាវនាវដល់និយោជក និងម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងវិស័យសេវាកម្សាន្ត ទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដើម្បីបញ្ជូនទៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវមុននឹងស្នើទៅបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ដើម្បីចុះបញ្ជីឱ្យពួកគាត់អាចទៅទទួលអត្ថប្រយោជន៍ក្រោមបញ្ចប់មូលនិធិសមធម៌សុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈនៅទូទាំងប្រទេសដោយឥតបង់ថ្លៃសេវា៕