(បន្ទាយមានជ័យ)៖ លោក សេរី កុសល អ្នកតំណាងរាស្ដ្រខេត្ដបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ​ បន្ដចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាសមាជិក-សមាជិកាបក្សប្រជាជន និងបក្សផ្សេងៗទៀតរួមមានគណបក្សភ្លើងទៀន និងគណបក្សរួបរួមជាតិដែលបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ប្រមាណជាង ១,៥០០នាក់ ដែលរៀបចំឡើងនៅក្នុងបរិវេណនៃវត្តស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ។

ពិធីសំណេះសំណាលនេះ ក៏មានការចូលរួម​ពីលោក​ ញេប​ ប៊ុនជិន អតីតរដ្ឋមន្ត្រីក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ លោក​ ឃ្លោគ​ នួយ​ អភិបាលរងខេត្តបន្ទាយជ័យ​ លោក​ ស៊ិន​ បុល​ ប្រធានក្រុមការងារចុះជួយឃុំពន្លៃ​ ស្រុកភ្នំស្រុក​ និងមានបងប្អូនមកពីភូមិស្វាយស ភូមិគោកតាសុខ និងភូមិពោធិ៍រាំបុណ្យ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ។

លោក សេរី កុសល បានសម្ដែងនូវការដឹងគុណ ចំពោះប្រជាពលរដ្ឋក្នុងឃុំពន្លៃ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក និងបានលើកឡើងថា ការចូលមករួមរស់ជីវភាពនយោបាយរបស់បងប្អូនមកពីគណបក្សផ្សេង គឺស្ថិតក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គ្មានបក្សណាឈ្នះទេ គឺឈ្នះទាំងអស់គ្នា ដែលមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ប្រទេសជាតិមានសន្តិភាព។

លោក​ ក៏បានរំលឹកពីអនុស្សាវរីយ៍នៅភូមិស្វាយស ដែលជាតំបន់ពីអតីតកាលរូបលោកចេញចូល។ លោកក៏បានរំលឹកដល់មុនៗ នៅតំបន់នេះច្រើនបក្សដទៃដណ្តើមយកសំឡេងឆ្នោត ប៉ុន្តែពេលនេះគណបក្សប្រជាជន បានដណ្តើមបានសំឡេងឆ្នោតដ៏ខ្ពស់ជាង៩០ភាគរយ។

លោក សេរី កុសល ក៏បានលើកឡើងពីអវត្ដមាននៃការចូលរួមបោះឆ្នោត របស់គណបក្សភ្លើងទៀន ដោយសារបំពេញឯកសារមិនគ្រប់គ្រាន់។ លោក សេរី កុសល បានលើកឧទាហរណ៍នៃការព្រងើយកន្តើយ ចំពោះពេលវេលា នៃការចូលរួមការបោះឆ្នោត ដែលជាការមើលងាយដល់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។

លោកថា ការពិតគណបក្សភ្លើងទៀននេះ មានចេតនាមិនចង់ចូលរួមការបោះឆ្នោតទេ ដោយហេតុថាអ្នកបង្កើតគណបក្សនេះ បានលាក់ទុកឯកសារដើម និងដាក់ខ្លួនឱ្យនៅឯកការ ដូច្នេះជនដែលជាអ្នកបង្កើតគណបក្សនេះ ចង់ឈរឈ្មោះឱ្យគេបោះឆ្នោត តែដោយសាររូបគេមិនអាចឈរឈ្មោះ​ឱ្យគេបោះឆ្នោតបានទើប រូបគេប្រើឧបាយកលគ្រប់បែបយ៉ាង បោកបញ្ឆោតអ្នកគាំទ្ររបស់ខ្លួន។

លោក សេរី កុលស បានលើកឡើងថា ដូចគ្នាទៅនឹងគណបក្សសង្គ្រោះជាតិដែរ គឺលោក សម រង្ស៉ី ខ្លួនឯងជាអ្នកបំផ្លាញគណបក្សនេះ នៅពេលដែលដឹងថា លោក កឹម សុខា នឹងក្តោបយកគណបក្សតែម្នាក់ឯង។

ទន្ទឹមនឹងនេះ លោក សេរី កុសល បានលើកឡើងអំពីល្បិចកលនយោបាយ ទាក់ទងទៅនឹងអតីតកាលបច្ចុប្បន្ន ​និងទៅអនាគតនៃអ្នកនយោបាយអគតិ ដែលមានចេតនាបំផ្លាញសុខសន្តិភាពនៅកម្ពុជា ព្រោះគេគិតថាបោះឆ្នោតមិនឈ្នះគណបក្សប្រជាជនកម្ពុជាដដែលទេ ទើបគេមានចេនាចង់ឲ្យបក្សរបស់គេរលាយ ដើម្បីគៀបសង្កត់រាជរដ្ឋាភិបាល ទម្លាក់កំហុសលើករាជរដ្ឋាភិបាល ឱ្យបរទេសកាត់ផ្តាច់ជំនួយផ្សេងៗ។

លោក សេរី កុសល ស្នើសុំដល់ប្រជាពលរដ្ឋ ជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងបេក្ខជនបន្ដវេន គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលនាំមកនូវសុខសន្ដិភាព និងការអភិវឌ្ឍន៍។

លើសពីនោះទៀត លោកបានណែនាំឲ្យប្រជាពលរដ្ឋ ចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ កុំបីអាក់ខានឡើយ។

លោកបានជម្រាបជូនប្រជាពលរដ្ឋសូមជឿជាក់លើគោលនយោបាយគណបក្សប្រជាជនកម្ពុជា ហើយការបោះឆ្នោតបើខុសមួយសន្លឹក គឺខុសរយៈពេល៥ឆ្នាំ ដូច្នេះសូមបងប្អូនបន្តគាំទ្រគណបក្សប្រជាជន ដែលជាបក្សតែមួយគត់ ដែលមានសមត្ថភាពការពារសន្តិភាព និងការអភិវឌ្ឍ។

កម្មវិធីនោះក៏មានការពិសានំបញ្ចុកសាមគ្គីជាមួយបងប្អូនប្រជាជពលរដ្ឋចំនួន៥០០គីឡូក្រាម ការ៉េមកី ២០០០ដើម​ ប្រកបដោយបរិយាកាសប្បាយរីករាយ និងស្និតស្នាល និងបានចែកថ្នាំពេទ្យផងដែរ។

នៅក្នុងពិធីនេះ លោក សេរី កុសល ក៏បានឧបត្ថម្ភការសាងសង់ផ្លូវ២ខ្សែ និងដាក់លូចំនួយ៣កន្លែង ក៏ដូចជាផ្តល់នូវសម្ភារមួយចំនួនទៀត អ្នកមានផ្ទៃពោះក្នុងម្នាក់ៗ ទទួលបាន៥ម៉ឺនរៀល និងសារ៉ុងមួយ ព្រមទាំងជនពិការ និងអ្នកចូលរួមទាំងអស់ ក្នុងម្នាក់ ទទួលបានសារ៉ុងមួយ ថវិកា១ម៉ឺនរៀល៕