(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះបានថ្លែងទៅកាន់ប្រជាពលរដ្ឋដ៏ច្រើនកុះករនៅក្រុងក្រចេះថា «មិនត្រឹមតែគ្មានស្តង់ដារពីខាងក្រៅទេ ប្រជាធិបតេយ្យត្រូវស្របនឹងបរិបទជាក់ស្តែងខាងនយោបាយ សេដ្ឋកិច្ច សង្គម និងនីតិរដ្ឋក្នុងប្រទេសនីមួយៗ»។
ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងសាលប្រជុំសណ្ឋាគារ ហ៊ ប៊ុន្នី ដោយមានការចូលរួមពីសំណាក់លោកស្រី អស់លោកជាមន្ត្រីរាជការក្រសួងមុខងារសាធារណៈ មន្ត្រីក្រុមការងារខេត្ត ក្រុងក្រចេះ និងសង្កាត់ទាំង៥ រួមទាំងតំណាងប្រជាពលរដ្ឋមកពីសង្កាត់ក្រចេះ អូរឫស្សី ក្រគរ និងសង្កាត់រកាកណ្តាល មានអ្នកចូលរួមសរុបចំនួនប្រមាណ ២០០០នាក់។
លោករដ្ឋមន្ត្រី ព្រុំ សុខា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងគូសបញ្ជាក់បន្ថែមទៀតថា « សម្រាប់ការបោះឆ្នោតជាតិតាមលក្ខណៈប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាដែលមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែងដណ្តើមយកអាសនៈចំនួន ១២៥ ក្នុងរដ្ឋសភាអាណត្តិទី៧នេះ គឺពិតជាត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញនិងលក្ខខណ្ឌនីតិវិធីនៃព្រះរាជាណាចក្រកម្ពុជាហើយឆ្លើយតបបានយ៉ាងល្អតាមបំណងប្រាថ្នាដ៏ទទូចរបស់ប្រជាពលរដ្ឋកម្ពុជាម្ចាស់ឆ្នោតជាង ៩លាន៧សែននាក់»។
ពលរដ្ឋម្នាក់ៗស្គាល់ច្បាស់ពីសិទ្ធិនិងករណីយកិច្ចរបស់ខ្លួនក្នុងការសម្រេចចិត្តជ្រើសរើសតំណាងស្របច្បាប់របស់ខ្លួននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដោយមិនធ្វេសប្រហែសលង់តាមឧបាយកលរបស់មជ្ឈដ្ឋានអគតិជ្រុលនិយមដែលប៉ុនប៉ងបំផ្លាញការបោះឆ្នោត បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយប្តេជ្ញាចេញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាដោយគ្មានអាក់ខាន១នាក់សោះឡើយ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្ត និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់កម្ពុជា សំដៅការពារបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់មាតុភូមិនិងប្រជាជនកម្ពុជាគ្រប់ជំនាន់តរៀងទៅ៕