(ភ្នំពេញ)៖ ក្រុមហ៊ុន «អាយអិនជី ហូលឌីង (ING Holdings)» សង់ផ្លូវថ្មី​មួយ​ខ្សែ​ទៀតក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុង ING City តភ្ជាប់រវាងផ្លូវជាតិលេខ២ ទៅកាន់ផ្លូវជើងឯក ដោយកាត់បឹងទំពន់ និងបឹង​ជើង​ឯក ដើម្បីសម្រួលការធ្វើ​ដំណើររបស់ប្រជាពលរដ្ឋ។

ពិធីបើកការដ្ឋានសាងសង់ផ្លូវដ៏មានសារៈសំខាន់មួយខ្សែនេះ ត្រូវបានធ្វើឡើង​នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព​លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ពិធីនេះ ក៏មានការការអញ្ជើញចូលរួមពី លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ, ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង និងលោកស្រី ហេង សុខា ព្រមទាំងរដ្ឋបាលខណ្ឌ កងកម្លាំង មន្ត្រី​រាជការ សមាគមយុវជន និងប្រជាពលរដ្ឋសរុបប្រមាណ ៣,៤០០នាក់។

ផ្លូវដែលបើកការដ្ឋានសាងសង់នាព្រឹកមិញនេះ ជាផ្លូវមេទី៣ ក្នុងគម្រោង​អភិ​វឌ្ឍន៍ទីក្រុង ING City នៅក្នុងចំណោមបណ្តាញផ្លូវសរុបចំនួន ៦១ខ្សែក្នុង​គម្រោង។ ផ្លូវមេទី១ គឺមហាវិថីសម្តេច ហ៊ុន សែន និងផ្លូវមេទី២ គឺមហាវិថីអ្នក​ឧកញ៉ា​មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង។

ផ្លូវ១ខ្សែនេះ ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា មហាវិថី «ឈុន គង់»។ មហាវិថី «ឈុន គង់» ជាមហាវិថីមួយខ្សែស្ថិតនៅចំកណ្ដាលទទឹង នៃតំបន់​អភិ​វឌ្ឍន៍ទីក្រុងរណប ING City តភ្ជាប់ពីផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់​អង្រែ​ក្រោម ឆ្ពោះទៅកាន់ផ្លូវជើងឯក មានប្រវែង ៤,០០០ម៉ែត្រ គិតត្រឹមព្រំប្រទល់​នៃតំបន់អភិវឌ្ឍន៍ និងមានលំហផ្លូវប្រវែង ៥០ម៉ែត្រ ក្នុងនោះទំហំ ៣០ម៉ែត្រ ជា​តួផ្លូវសម្រាប់យានជំនិះ និងចិញ្ចើមផ្លូវទំហំ ១០ម៉ែត្រសងខាង។

មហាវិថីមួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ជួយដោះស្រាយ​ភាពកក​ស្ទះ​ចរា​ចរណ៍ សម្រួលដល់ការដឹកជញ្ជូនទំនិញ។ ពិសេសជួយឱ្យប្រជាពលរដ្ឋ​ចំណេញ​ពេលវេលា និងថវិកាជាច្រើន។ល។ គួរបញ្ជាក់ថា ផ្សារទំនើបអ៉ីអន​មានជ័យ (AEON) ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីសម្តេច ហ៊ុន សែន និង​មហាវិថី «ឈុន គង់» នេះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) លើសមិទ្ធផល​ទាំង​អស់ ដែលសម្រេចបាន។ ជាពិសេសសមិទ្ធផលនៅក្នុងវិស័យផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលកើតជារូបរាងឡើង ក្នុងគម្រោងអភិវឌ្ឍន៍​ទីក្រុងរណបតំបន់បឹងទំពន់-ជើងឯក ដោយធានា បាននូវលក្ខណៈ​គ្រប់​ជ្រុង​ជ្រោយទៅតាមរបៀប និងក្បួនខ្នាតនៃការរៀបចំទីក្រុងមានស្តង់ដារទំនើប និងការរួមបញ្ចូលនូវចលនានៃទីក្រុងបៃតង និងលក្ខណៈនៃទីក្រុងវៃឆ្លាត (Smart City) ស្របតាមនិន្នាការនៃការអភិវឌ្ឍរីកចម្រើនឥតឈប់​ឈរផ្នែក​សកម្មភាពសង្គម-សេដ្ឋកិច្ច និងការកើនឡើងនៃចំនួនប្រជាពលរដ្ឋ ក្នុងភូមិ​សាស្ត្ររាជធានីភ្នំពេញ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ដថា «ការលេចចេញជារូបរាង នៃសមិទ្ធ​ផលនីមួយៗ គឺទាមទារឱ្យមានចក្ខុវិស័យ និងការរួមសហការពី​គ្រប់ផ្នែក-គ្រប់​ជំនាញ​ពាក់ព័ន្ធ ហើយកត្តាសុខសន្តិភាព បានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាល មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង ៤ គឺមនុស្ស ផ្លូវ ទឹក និងភ្លើង»។

ក្រោមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម», រាជរដ្ឋាភិបាល តែង​បានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយ​ក៏ជាកាតាលីករនៃជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

លោក អ៉ឹង ស៊ីវម៉េង តំណាងក្រុមហ៊ុន «អាយអិនជី ហូលឌីង» បានបញ្ជាក់​ថា បច្ចុប្បន្នក្រុមហ៊ុនបានចាក់បំពេញដី លើកជាតួមហាវិថីសម្រេចរួចរាល់ ដោយបានប្រើប្រាស់មាឌដីសរុប ១លាន ៣សែនម៉ែត្រគូប ជាប្រភេទដីអំបិល និង​កំពុងស្ថាបនាគ្រឹះសម្រេចបានប្រមាណ ៦០ភាគរយ ដោយបានប្រើប្រាស់​ល្បាយថ្មមិចប្រមាណ ៨៥,១២០ម៉ែត្រគូប។

រីឯការងារក្រាលកៅស៊ូ​បេតុង សម្រេចបានប្រវែង ៥១៣ម៉ែត្រ។ លោកបាន​បញ្ជាក់ថា «ផ្អែកតាមប្រតិទិនការងារ មហាវិថីដ៏សំខាន់មួយនេះគ្រោង​នឹង​បញ្ចប់ជាស្ថាពរនៅដំណាច់ឆ្នាំ ២០២៤ខាងមុខ»។

នៅលើមហាវិថី «ឈុន គង់» នឹងត្រូវស្ថាបនាស្ពានបេតុង​អាម៉េ ឆ្លងកាត់ចំនួន​២កន្លែង មានបណ្ដោយប្រវែង ៤០ម៉ែត្រ ទទឹង២០,៨៦ម៉ែត្រ ដោយស្ពានទី១ កាត់ប្រឡាយរលួស ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជើងឯក ខណ្ឌដង្កោ និងស្ពាន​ទី២ ឆ្លងកាត់ប្រឡាយស្ទឹងជ្រៅ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ គឺនៅប៉ែកខាងកើតនៃមហាវិថីសម្តេច ហ៊ុន សែន។

លោក អ៉ឹង ស៊ីវម៉េង បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទីក្រុង ING City អាច​លេចចេញជារូបរាងបាន ដោយសារប្រទេសជាតិមានសន្តិភាពពេញលេញ និង​ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិន​ប្រសប់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្កនូវបរិយាកាស​ធុរកិច្ច​យ៉ាងល្អប្រសើរ ជូនដល់វិស័យឯកជន ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច-សង្គមកម្ពុជា។

ក្នុងរបាយការណ៍សាងសង់ លោកបានលើកឡើងថា ដោយបានមើលឃើញ​នូវ​សន្ទុះអភិវឌ្ឍ និងតម្រូវការចាំបាច់ពិសេសលើការ​ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្តចាំបាច់ទាំងឡាយ ឱ្យមានដំណើរការរលូន។

ក្រុមហ៊ុន «អាយអិនជី ហូលឌីង (ING Holdings)» អំពាវនាវដល់ម្ចាស់​ក្បាល​​ដី និងអ្នកអភិវឌ្ឍន៍ក្នុងតំបន់ មេត្តាចូលរួម ព្រមទាំងសម្របស​ម្រួល​ដោះ​ស្រាយ កុំតាំងទីលំនៅលើលំហដីដែលទុក សម្រាប់អនុវត្តគម្រោងស្ថាបនាផ្លូវ ជាពិសេសអ្នកវិនិយោគ និងអភិវឌ្ឍន៍ធំៗ និងសូមបន្តចូលរួមបដិភាគ​ ដើម្បី​កិច្ច​អភិវឌ្ឍន៍ក្នុងតំបន់នេះ៕