(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃ «CHRC App» ដើម្បីលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រជានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។
លោក កែវ រ៉េមី បានបញ្ជាក់ថា ការបង្កើតឱ្យមាននូវកម្មវិធីអេឡិកត្រូនិក របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺជាការវិវឌ្ឍក្នុងជំហានថ្មីមួយទៀតនាយុគ្គសម័យឌីជីថល ក្នុងគោលដៅជំរុញឱ្យមានការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។ការបង្កើតកម្មវិធីអេឡិកត្រូនិកនេះ ក៏ជាការចូលរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាលដែលកំពុងធ្វើបរិវត្តកម្មឌីជីថលដោយបានដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលផ្ដោតលើចក្ខុវិស័យ «ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ»។
មេសិទ្ធិមនុស្សរូបនេះ បានគូសបញ្ជាក់ថា៖ «តាមរយៈកម្មវិធីអេឡិកត្រូនិកនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការ ទទួលបានព័ត៌មានថ្មីៗអំពីសិទ្ធិមនុស្ស ហើយក៏អាចតាមដានសកម្មភាពនានារបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ លើសពីនេះទៅទៀត កម្មវិធីអេឡិកត្រូនិកនេះក៏ផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋពីគ្រប់ទិសទី និងគ្រប់មជ្ឈដ្ឋានទាំងអស់អាចដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស មកកាន់គណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា កាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ដោយគ្រាន់តែចូលប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់គណៈកម្មាធិការសិទ្ធិមនុស្សនេះ»។
លោកបានអះអាងថា លើផ្នែកសិទ្ធិមនុស្សយើងអាចនិយាយបានថា ព្រះរាជាណាចក្រកម្ពុជានជាប្រទេសឈានមុខគេ ក្នុងតំបន់អាស៊ាន ដោយបានផ្តល់សច្ចាប័ន និងចូលជាសមាជិកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោមសន្ធិសញ្ញាសំខាន់ៗចំនួន៩ រួមទាំងពិធីសារបន្ថែមចំនួន៤ទៀតផងដែរ។ បន្ថែមលើនេះកម្ពុជាក៏បានអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ព្រមទាំងទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់អ្នករាយការណ៍ពិសេសតាមវិស័យជាបន្តបន្ទាប់តាមការស្នើសុំផងដែរ។
កត្តាធំៗទាំងនេះ គឺជាតឹកតាង និងសក្ខីកម្មយ៉ាងរឹងមាំ ដែលឆ្លុះបញ្ចាំងពីសុឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាទ្រឹស្តី និងគោលការណ៍សិទ្ធិមនុស្ស សម្ដេចតេជោ គឺជាតួអង្គសិទ្ធិមនុស្សដ៏សំខាន់បំផុត តាមរយៈការនាំត្រឡប់មកវិញ និងការបន្តរក្សាការពារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា ជាពិសេសការធានាសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិចម្បងគេរបស់មនុស្សពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម និងការមិនមានទោសប្រហារជីវិតដែលបានកំណត់យ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ លោក កែវ រ៉េមី ជឿដែរថាគ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ នឹងបន្តកិច្ចសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងបេសកកម្មការពារ និងលើកកម្ពស់ សិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕