(ពោធិ៍សាត់)៖ នៅថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបកម្មករ និយោជិតសរុបជិត ៧ពាន់នាក់នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
វត្តមានជាថ្មីរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីលើទឹកដីខេត្តពោធិ៍សាត់ បានធ្វើឱ្យថ្នាក់ដឹកនាំខេត្តសម្តែងក្តីសោមនស្សរីករាយ ប្រកបដោយក្តីនឹករលឹកជាពន់ពេក។
ការដាក់ចេញនយោបាយពង្រាយរោងចក្រ សហគ្រាសមកខេត្តពោធិ៍សាត់ បានផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់។ តាមរយៈការងារទាំងនេះ បានធ្វើឱ្យជីវភាពរបស់អ្នកខេត្តពោធិ៍សាត់កាន់តែល្អប្រសើរ។
ការគិតគូរពីសុខទុក្ខ និងការរកការងារជូនប្រជាពលរដ្ឋធ្វើនេះ បានធ្វើឱ្យអ្នកខេត្តពោធិ៍សាត់ គោរពស្រឡាញ់ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហើយធ្វើឱ្យពួកគេចង់ជួបសម្តេចតេជោផងដែរ។
ក្រៅពីការបង្កើតរោងចក្រ សហគ្រាស ដែលជាប្រភពការងារសម្រាប់ប្រជាពលរដ្ឋហើយនោះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ក៏បានធ្វើឱ្យខេត្តពោធិ៍សាត់ មានការរីកចម្រើនច្រើន ហើយជីវភាពរបស់ប្រជាពលរដ្ឋ ក៏បានល្អប្រសើរផងដែរ។