(ក្រចេះ)៖ នាយសង្កាត់រដ្ឋបាលជលផលសំបូរ និងជាប្រធានប៉ុស្តិ៍អភិរក្សសត្វផ្សោត លោក ឡេ សុខឡេង បានស្លាប់បាត់បង់ជីវិត ដោយសារខ្យល់ព្យុះបោកពន្លិចទូក ពេលកំពុងជិះទូកល្បាត និងទប់ស្កាត់ការនេសាទល្មើសច្បាប់ នៅតាមដងទន្លេ ស្ថិតក្នុងចំណុចភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ចម្ងាយប្រមាណ ១០គីឡីម៉ែត្រពីអន្លង់ផ្សោតព្រែកកាំពី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។
អង្គការអភិរក្ស WWF បានឲ្យដឹងតាមទំព័រ Facebook របស់ខ្លួនថា «ថ្ងៃនេះយើងទាំងអស់គ្នាមានការតក់ស្លុតយ៉ាងខ្លាំង ដោយទទួលបានដំណឹងមកថា លោក ឡេ សុខឡេង ដែលជាមន្ត្រីឆ្មាំទន្លេរបស់យើង បានទទួលមរណភាពកាលពីយប់ម្សិលមិញ នៅក្នុងឧប្បត្តិហេតុព្យុះកំណាចដ៏ធំមួយនៅក្នុងទន្លេមេគង្គ ដែលមានទីតាំងនៅជិតភូមិសណ្តាន់ ចម្ងាយប្រមាណជា ១០គីឡូម៉ែត្រពីអន្លង់ផ្សោតកាំពី»។
អង្គការនេះ បញ្ជាក់ទៀតថា សពលោក ឡេង សុខឡេង ត្រូវបានរកឃើញនាព្រឹកថ្ងៃទី២៦ ខែកក្កដា នេះ ចម្ងាយ ១គីឡូម៉ែត្រពីកន្លែងកើតហេតុ។ លោក ឡេ សុខឡេង មានអាយុ ៣២ឆ្នាំ មរណភាពរបស់លោក បានបន្សល់ទុកភរិយា និងកូនៗ២នាក់ ឲ្យរស់នៅដោយគ្មានទីពឹង។
អង្គការ WWF បានចាត់ទុក លោក ឡេ សុខឡេង ថាជាវីរបុរសម្នាក់ ដែលធ្វើការយ៉ាងសកម្មក្នុងកិច្ចការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។
អង្គការ WWF បានឲ្យដឹងផងដែរថា ក្នុងពេលបំពេញបេសកកម្មនោះ លោកបានរួមដំណើរជាមួយមន្រ្តីឆ្មាំទន្លេ ២នាក់ទៀត ដែលពេលនេះឆ្នាំទន្លេទាំងពីរនាក់នោះ រងគ្រោះថ្នាក់ធ្ងន់ធ្ងរ កំពុងសម្រាកទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត។
លោក ម៉ក ពន្លក អនុប្រធានខណ្ឌជលផល បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះភ្លាម លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានចាត់ឲ្យមន្រ្តីថ្នាក់ក្រសួងនិងមន្ទីរ ឲ្យនាំយកថវិកាឧបត្ថម្ភដល់គ្រួសារសព ហើយអង្គការ WWF ក៏ជួយឧបត្ថម្ភថវិកាចំនួន ៩៨០ដុល្លារ សំរាប់ទិញមឈូសផងដែរ និងជួលរថយន្ដដឹកសពទៅស្រុកកំណើតដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕