(ភ្នំពេញ)៖​ វេទិកាការងាររបស់ NEA សហការជាមួយនឹង សសយក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ដោយរលូន ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើជាង២០០នាក់បានចូលរួមដាក់ពាក្យស្វែងរកការងារ និងមានអ្នកសម្ភាសការងារជាប់សរុប ៩៩ នាក់ ក្នុងនោះមានអ្នកជាប់ការងារបឋមចំនួន ៩១នាក់ ខណៈក្នុងនោះមានអ្នកជាប់ជាស្ថាពរចំនួន ៨នាក់។

កញ្ញា ហេង ណាវីត ជានិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តូចណូ) ដែលបានចូលរួមសម្ភាសជាប់នៅក្រុមហ៊ុន Minebea Mitsumi លេីកឡេីងថា​ កញ្ញាពិតជាសប្បាយរីករាយខ្លាំងណាស់ក្រោយទទួលបានព័ត៌មានថាជាប់ការងារនៅក្រុមហ៊ុនដ៏ធំមួយនេះ។ កញ្ញាក៏សូមអរគុណដែល NEA បានរៀបចំវេទិកាការងារនេះឡើង ព្រោះបានជួយដល់កញ្ញា ក៏ដូចជាយុវជនផ្សេងទៀតដែលកំពុងស្វែងរកការងារធ្វើ។

ប្អូនប្រុស សុខ វីវឌ្ឍន៍ មកពីសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុបជំនាញអង់គ្លេស ដែលបានដាក់ពាក្យធ្វើការនៅធនាគារស្ថាបនា ក្នុងមុខតំណែង ភ្នាក់ងារបំរើសេវាកម្មអតិថិជបានចាត់ទុកវេទិកាការងាររបស់ NEA ជាផ្នែកមួយដ៏សំខាន់ក្នុងការជួយទាំងនិយោជក និងនិយោជិតបានជួបគ្នា។ និស្សិតរូបនេះក៏បានស្នើដល់ NEA រៀបចំព្រឹត្តិការណ៍នេះឱ្យបានច្រើនដងដើម្បីជួយដល់អ្នកដែលកំពុងស្វែងរកការងារធ្វើ។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារក្នុងថ្ងៃនេះ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

សូមជម្រាបថាក្រុមហ៊ុនធំៗទាំង១០ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់NEA នោះរួមមាន៖ ក្រុមហ៊ុន B.P.C , ក្រុមហ៊ុន JACCS,ក្រុមហ៊ុន DDD, ហាងកាហ្វេ BROWN ,ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន BS Land and Home , ក្រុមហ៊ុន MinebeaMitsumi , ធនាគារ ស្ថាបនា , MR Training និងមីក្រូហិរញ្ញវត្ថុ TC ភី.អិល.ស៊ី។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕