(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញចែកប័ណ្ណកម្មសិទ្ធិ ចំនួន១៣៨៦ប័ណ្ណជូនម្ចាស់អចលនវត្ថុ ស្ថិតនៅភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ លោក ឃ្លាំង ហួត បានលើកឡើងថា ការប្រគល់ប្លង់រឹងសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋនេះ ជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅថែមមួយកម្រិតទៀត លើការគ្រប់គ្រង់ដីធ្លីរបស់ខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋជាកម្មសិទ្ធិករ ក្នុងការយកទៅប្រើប្រាស់លើការប្រកបអាជីវកម្មផ្សេងៗ តាមតម្រូវការចាំបាច់ ឬក៏អាចធ្វើប្រទានកម្មដល់កូនចៅផងដែរ។
លោក ឃ្លាំង ហួត បានស្នើសុំឲ្យប្រជាពលរដ្ឋដែលទទួលបានប្លង់រឹងទាំងនោះ ត្រូវថែរក្សាការពារឲ្យបានល្អ ព្រោះថាវាធានាបាននូវភាពកក់ក្តៅ សុវត្ថិភាព និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ លើសពីនេះក៏ជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងនូវការរំលោភបំពានលើដីធ្លី។ មិនតែប៉ុណ្ណោះ ប្លង់រឹងនេះក៏អាចផ្តល់លទ្ធភាពប្រើប្រាស់តាមច្បាប់ ឬយកទៅដាក់ធានាក្នុងការខ្ចីលុយពីធនាគារ យកមកប្រកបរបរធ្វើអាជីវកម្មផ្សេងៗទៀតបានដែរ។
លោកណែនាំប្រជាពលរដ្ឋយកប័ណ្ណកម្មនេះទៅប្រើប្រាស់ ដោយការពិចារណាឲ្យបានត្រឹមត្រូវសម្រាប់ជាឧត្តមប្រយោជន៍ដល់គ្រួសារ ដាច់ខាតមិនត្រូវយកបណ្ណនេះទៅប្រើប្រាស់ក្នុងអប្បាយមុខ ដែលនាំឲ្យមានមហន្តរាយដល់ខ្លួនឯង គ្រួសារ និងអនាគត់កូនចៅ ដោយលោកបានលើកជាប្រយោគមួយក្នុងន័យអបរំថា «បើភ្លើងឆេះផ្ទះអស់ យ៉ាងហោចណាស់ក៏នៅសល់ដីដែរ តែបើប្រព្រឹត្តល្បែងអប្រិយ វានាំឲ្យអស់ទាំងដី អស់ទាំងផ្ទះ ហើយឈានទៅព្រាត់ប្រាស់ក្រុមគ្រួសារ និងប៉ះពាល់ដល់ជោគវាសនាអនាគតកូនចៅរបស់ខ្លួនទៀតផង»។
ចំពោះប័ណ្ណប្រព័ន្ធ ឬប្លង់រឹងនេះ លោកបានអំពាវនាវសុំឲ្យមានការពិនិត្យមើលឲ្យបានច្បាស់លាស់ មុននឹងទិញ លក់ ឬដោះដូរអ្វីមួយ ព្រោះថាកន្លងមកមានជនខិលខូចមួយចំនួន មានការបន្លំ និងបោកប្រាស់ដល់ពលរដ្ឋដែលមិនមានការប្រុងប្រយ័ត្ន វាងាយស្រួលធ្វើឲ្យបងប្អូនចាញ់ឧបាយកលរបស់ពួកគេ។ ចំពោះអ្នកមិនទាន់បានប័ណ្ណនេះអាចមកទាក់ទង ឬសាកសួរព័ត៌មានជាមួយមន្រ្តីជំនាញនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីផ្ទាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ជាប់របងទីស្តីការគណៈរដ្ឋមន្រ្តីដោយផ្ទាល់៕