(សៀមរាប)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប នឹងអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភា និងសមិទ្ធផលនានា នៅវត្តប្រាសាទរង្សី ស្ថិតក្នុងភូមិរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។
បើយោងតាមរបាយការណ៍របស់លោក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឫស្សីលក ស្រុកជីក្រែង បានឱ្យដឹងថា ដោយសារប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញមានស្ថេរភាពនយោបាយ និងស្ថេរភាពសង្គមនៅទូទាំងប្រទេស ស្ថិតក្រោមមាគ៌ាដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការកសាងស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការបង្កើតនូវធនធានមនុស្ស និងកសាងហេដ្ឋារចនាសម្ព័ន្ធ សង្គមសេដ្ឋកិច្ច វប្បធម៌ជាតិ ជាពិសេសវិស័យព្រះពុទ្ធសាសនា ដែលបានកប់បាត់ក្នុងដំណាក់កាលរបបប្រល័យពូជសាសន៍ខ្មែរក្រហម ឱ្យមានការរីកចម្រើនឡើងវិញពាសពេញប្រទេសគួរឱ្យកត់សម្គាល់។
លោក សៀក សុជាតិ បានលើកឡើងពីការងារសាងសង់សាលាធម្មសភា និងសមិទ្ធផលក្នុងវត្តដោយមើលឃើញពីការលំបាក និងការខ្វះខាតរបស់ពុទ្ធបរិស័ទ និងព្រះសង្ឃនៅក្នុងវត្តប្រាសាទរង្សី សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តួចផ្តើមរៀបចំកសាងសាលាធម្មសភានេះឡើងដើម្បីតម្កល់គម្ពីព្រះត្រៃបិដក និងសម្រាប់ព្រះសង្ឃបានសិក្សារៀនសូត្រដែលជាប្រយោជន៍បម្រើដល់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
សាលាធម្មសភា បានចាប់ផ្តើមកសាងឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ដែលមានទំហំ ១១.៥ម៉ែត្រ គុណ១៥.៥ម៉ែត្រ កម្ពស់៨ម៉ែត្រ មាន ៨បន្ទប់ គិតជាថវិកាសរុប ១៥៤,៨៥០ដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន ដឹកនាំកសាងដោយលោក សៀក សុជាតិ និងលោកជំទាវ អ៊ូ សុវត្តី ព្រមទាំងមានការចូលរួមពី ព្រះគ្រូចៅអធិការ សប្បុរសជន និងពុទ្ធបរស័ទជិតឆ្ងាយចំណុះជើងវត្ត ផងដែរ។
ក្រៅពីនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន បានជាវព្រះបដិមារពីខេត្ត កំពង់ធំចំនួន៦អង្គ ទី១៖ ព្រះនរាយណ៍ មានទទឹង ០.៨ម៉ែត្រ កម្ពស់ ៤ម៉ែត្រ, ទី២៖ ព្រះពុទ្ធសមាធិ មានទទឹង ១.៨ម៉ែត្រ កម្ពស់ ២ម៉ែត្រ, ទី៣៖ ព្រះសីវលី
មានទទឹង ០.៩ម៉ែត្រ កម្ពស់ ១.៣ម៉ែត្រ, ទី៤៖ ព្រះអង្គប្រក់នាគ មានទទឹង ០.៩ម៉ែត្រ កម្ពស់ ១.៥ម៉ែត្រ, ទី៥៖ ព្រះសេអាមេត្រី ទទឹង ១.២ម៉ែត្រ កម្ពស់ ១.៨ម៉ែត្រ និងទី៦៖ ព្រះបាទជ័យវរ្ម័នទី៧ មានកម្ពស់ ១.២ម៉ែត្រ ដោយគិតជាថវិកាអស់ចំនួន ២៤,៥០០ ដុល្លារ និងសរុបទាំងថ្លៃសាងសង់សាលាធម្មសភា និងជាវព្រះបដិមារគិតជាថវិការអស់ ១៧៩,៣៥០ដុល្លារ។
លោក សៀក សុជាតិ បានគូសបញ្ជាក់ថា នេះគឺជាសមិទ្ធផលរបស់សម្តេចពិជ័យសេនា ទៀបាញ់ និងលោកជំទាវ តៅ តឿន ប្រគេនជូនព្រះចៅអធិការវត្តប្រាសាទរង្សី ដើម្បីសម្រាប់ប្រជាពលរដ្ឋ និងពុទ្ធបរស័ទ គោរពបូជាក្នុងគោលដៅលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក មគ្គុទ្ទេសក៏ឯក ប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ការឯកភាព ជាតិពេញលេញ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ៕