(ភ្នំពេញ)៖ ទំព័រ Facebook ផ្លូវការរបស់ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិដែលមានឈ្មោះ «H.E Neang Phat» នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ត្រូវបានជនអនាមិក លួច (Hack) យកទៅគ្រប់គ្រងហើយ។

នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ខណៈដែលជនអនាមិកលួចយកទៅគ្រប់គ្រងនេះ ពួកគេមិនទាន់ធ្វើសកម្មភាពបង្ហោះអ្វីនៅឡើយទេ ខណៈក្រុមការងារបច្ចេកទេស កំពុងធ្វើការដើម្បីទាញយកទំព័រហ្វេសប៊ុកនេះត្រឡប់មកវិញ។

ឆ្លៀតក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ បានអំពាវនាវឱ្យសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម កុំមានការភាន់ច្រឡំ ក្នុងករណីទំព័រហ្វេសប៊ុកនេះ បង្ហោះរឿងមិនប្រក្រតីណាមួយ ហើយនាយឧត្តមសេនីយ៍នឹងមិនទទួលខុសត្រូវឡើយរាល់ការបង្ហោះលើហ្វេសប៊ុកនេះ ចាប់ពីពេលនេះតទៅ។

ទោះជាយ៉ាងនេះ នាយឧត្តមសេនីយ៍ នាង ផាត នឹងធ្វើការជូនដំណឹងនៅពេលក្រោយ នៅពេលណាដែលទំព័រហ្វេសប៊ុកត្រូវបានយកគ្រប់គ្រងឡើងវិញ។ លោកក៏នឹងរៀបចំពាក្យបណ្តឹងដើម្បីប្តឹងសមត្ថកិច្ច តាមនីតិវិធីច្បាប់ផងដែរ៕