(ព្រះវិហារ)៖ ប្រធានមន្ទីរផែនការថ្មី ខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែង ដោយលោកស្រី ស៊ាន សុគីន ជំនួសលោក សេង ប៊ុនរឿន ដែលចូលនិវត្តន៍។ ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានចូលរួមពីថ្នាក់ដឹកនាំក្រសួងផែនការ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្តជាច្រើនរូបទៀត។
បន្ទាប់ពីទទួលបានសេចក្ដីប្រកាសនិងត្រា ពីលោកទេសរដ្ឋមន្ត្រី ឆាយ ថន រួចមក, លោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការដែលទើបតែងតាំងថ្មី បានឡើងប្តេជ្ញាចិត្តដោយបង្ហាញនូវក្តី សោមនស្សរីករាយ ដែលទទួលបានការផ្តល់សេចក្តីទុកចិត្តពីថ្នាក់ដឹកនាំខេត្ត និងក្រសួង ពិសេសប្រមុខរាជរដ្ឋាភិបាល ក្នុងការតែងតាំងលោកស្រីជាប្រធានមន្ទីរផែនការខេត្តព្រះវិហារនាពេលនេះ។
លោកស្រីបានប្តេជ្ញាគោរពប្រតិបត្តិដោយភក្តីភាព ចំពោះបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ ស្របទៅតាមច្បាប់ បទបញ្ជា លិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងប្តេជ្ញាចូលរួម ថែរក្សាការពារ សន្តិភាព កេរ្តិ៍ដំណែល សមិទ្ធិផលដែលមានសព្វថ្ងៃនៅក្នុងមន្ទីរ ឱ្យស្ថិតស្ថេរគង់វង្សជារៀងរហូត។
លោកស្រីព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្ត និងគោរពតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បង្កើន សាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំបំពេញការងារ តាមតួនាទីភារកិច្ច សហការជាមួយមន្ត្រី តាមការិយាល័យ ជំនាញ ក្នុងការសិក្សាស្វែងយល់ពីការវិវឌ្ឍននៃប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដើម្បីជំរុញការងារក្នុងមន្ទីរឱ្យកាន់តែប្រសើរ និងបន្តកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ មន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុង ស្រុក ដើម្បីទទួលបានជោគជ័យនូវផែនការ ដែលថ្នាក់ដឹកនាំប្រគល់ជូន។
លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានថ្លែងចូលរួមអបអរសាទរចំពោះលោកស្រីប្រធានមន្ទីរថ្មីដែលត្រូវបានប្រកាសចូលកាន់តំណែងនៅពេលនេះ។ លោកថា ការផ្លាស់ប្តូរតួនាទី មុខតំណែងជូនមន្ត្រីរាជការគឺជារឿងធម្មតាទេ មិនមែនបានន័យថាលោកប្រធានមន្ទីរចាស់ លោកមានកំហុសឆ្គងត្រូវដកចេញនោះទេ ផ្ទុយទៅវិញគឺលោកដល់អាយុដែលត្រូវចូលនិវត្តន៍ហើយ។
លោកទេសរដ្ឋមន្ត្រីបានថ្លែងផ្តាំផ្ញើ និងជំរុញទៅដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរផែនការខេត្ត ពិសេសប្រធានមន្ទីរដែលទើបទទួលបានការតែងតាំងថ្មី ត្រូវខិតខំយកចិត្តទុកដាក់ដឹកនាំគ្រប់គ្រង និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ទាំងក្នុងមន្ទីរ ក៏ដូចជាតាមបណ្តាអង្គភាព ដែលស្ថិតនៅក្រោមឱវាទរដ្ឋបាលខេត្តព្រះវិហារទាំងមូល ឱ្បបានទូលំទូលាយ និងទទួលបានជោគជ័យរាល់ភារៈកិច្ច និងកាតព្វកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន ជាពិសេសលើវិស័យផែនការនិងស្ថិតិ៕