(ព្រះសីហនុ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ភាគច្រើនជាបងប្អូនខ្មែរឥស្លាមរស់នៅក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រីករាយយ៉ាងខ្លាំង នៅពេលទទួលបានផ្លូវបេតុងថ្មីមានប្រវែង ៨៣០ម៉ែត្រ ដែលពីមុនពិតជាពិបាកក្នុងការធ្វើដំណើរ ជាពិសេសខែវស្សាតែម្តង។ ផ្លូវបេតុងថ្មីនេះជាគម្រោងរបស់រដ្ឋបាលស្រុកព្រៃនប់ ដែលត្រូវបានផ្តល់ជូនពលរដ្ឋក្រោយសំណូមពររបស់បងប្អូនប្រជាពលរដ្ឋតាមរយៈរដ្ឋបាលឃុំអណ្តូងថ្ម។
លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ និងជាប្រធានគណៈកម្មការលទ្ធកម្មលើគម្រោងវិនិយោគស្រុក បានគូសបញ្ជាក់ថា ក្នុងដំណើរការសាងសង់ផ្លូវបេតុងនានា ក៏ដូចជាផ្លូវបេតុងមួយខ្សែ ៨៣០ម៉ែត្រ នៅក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនាមរូបលោកផ្ទាល់ និងមេឃុំ អ្នកជំនាញ ព្រមទាំងក្រុមការងារ ពិតណាស់ គឺបានយកចិត្តទុកដាក់បំផុត លើកិច្ចការនេះដោយបានចុះត្រួតពិនិត្យ សិក្សាជាប្រចាំ ដើម្បីផ្តោតសំខាន់ ទៅលើគុណភាពជាចម្បង តាំងពីការចាប់ផ្តើមបើកគម្រោងសាងសង់ រហូតដល់ពេលបញ្ចប់។
លោកបន្តទៀតថា «ក្នុងនាមជាប្រធានគណៈកម្មការលទ្ធកម្ម ទោះបីជាខ្ញុំមិនមែនជាអ្នកជំនាញក្នុងកិច្ចការនេះក្តី តែខ្ញុំបានណែនាំ និងដាក់បញ្ជាមន្ត្រីថ្នាក់ក្រោម ព្រមទាំងក្រុមការងារជំនាញតាមដាន ត្រួតពិនិត្យរហូតមក ហើយក៏មិនដូចអ្វីដែលពាក្យចរចាមរាមថា ការសាងសង់នេះមិនត្រូវតាមស្តង់ដារបច្ចេកទេស កេងប្រវ័ញ្ចខុសពីការពិត មានការគប់គិតជាប្រព័ន្ធអ្វីនោះទេ»។
ក្រោយពីចប់កិច្ចប្រជុំនៅសាលាស្រុកព្រៃនប់ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ លោក អេង ចំរើន នាយករងទីចាត់ការផែនការ និងវិនិយោគខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យផ្លូវបេតុងនេះ ដោយមានការចូលរួមពីលោកមេភូមិ លោកមេឃុំ ព្រមទាំងមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធក្រុមហ៊ុនម៉ៅការ។
លោក សា រ៉េន ជាពលរដ្ឋរស់នៅក្នុងភូមិបន្ទាយប្រិយ៍ បានលើកឡើងថា ផ្លូវនៅភូមិនេះពីមុនមក ពិតជាលំបាកខ្លាំងសម្រាប់ការធ្វើដំណើររបស់អ្នកភូមិ ឥឡូវនេះលោកបានឃើញផ្លូវស្ថាបនាហើយពិតជាល្អ ហើយលោកជាប្រជាពលរដ្ឋរស់នៅភូមិបន្ទាយប្រិយ៍នេះពិតជាត្រេកអរខ្លាំងណាស់។
លោកថា «ខ្ញុំតាំងនាមឱ្យប្រជាពលរដ្ឋរស់នៅភូមិបន្ទាយប្រិយ៍ទាំងអស់ សូមគោរពថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត លោកអភិបាលស្រុក លោកមេឃុំដែលបានផ្តល់ផ្លូវបេតុង តាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ»។
លោកមេឃុំអណ្តូងថ្ម បានថ្លែងថា សម្រាប់ឃុំអណ្តូងថ្ម ទទួលបានគម្រោង ៣គម្រោង ផ្លូវ៣ខ្សែ គម្រោងទី១ គឺរបស់រដ្ឋបាលខេត្ត មានចំនួនប្រវែង ៨៣០ម៉ែត្រ បានអនុវត្តហើយ។ គម្រោងទី២ របស់រដ្ឋបាលស្រុកព្រៃនប់ មានប្រវែង ៨៣០ម៉ែត្រ ក៏បានអនុវត្តហើយដែរ ហើយសម្រាប់គម្រោងទី៣ គឺត្រូវចុះបានចុះកិច្ចសន្យារួចរាល់ និងចាប់ផ្ដើមធ្វើការស្ថាបនានៅក្នុងពេលឆាប់ៗនេះ។
លោកមេឃុំបន្តទៀតថា បងប្អូនពលរដ្ឋយើងធ្លាប់ដើរគាត់ធ្លាប់ជិះម៉ូតូកាត់ភក់ជ្រាំពិបាកក្នុងការធ្វើដំណើរ ពេលទៅណាមកណា មានការយឺតយ៉ាវមិនទាន់ចិត្ត ម៉ូតូប្រលាក់ ឡានប្រលាក់ ជាពិសេសរដូវវស្សា ឱ្យតែមេឃភ្លៀងគឺយ៉ាប់ ក្នុងការធ្វើដំណើរណាស់។ លោកមេឃុំអណ្តូងពិតជារីករាយណាស់ ដែលបានទទួលសមិទ្ធិផលថ្មីផ្លូវបេតុងចំនួនប្រវែង ៨៣០ម៉ែត្រ នៅក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកមេឃុំបានបញ្ជាក់ថា ការស្ថាបនាផ្លូវនេះ ធ្វើទៅតាមស្តង់ដារបច្ចេកទេសរបស់ក្រុមហ៊ុន ដែលបានដេញថ្លៃបានគម្រោងនេះ ព្រោះលោកមេឃុំបានពិនិត្យក៏ដូចជាគណៈកម្មការលទ្ធកម្មបានពិនិត្យក្នុងការស្ថាបនាផ្លូវនេះ ធ្វើបានល្អពង្រាបដីបានស្អាត បង្ហាប់ដីចាក់គ្រោះ ដាក់ដែកត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ប្រជាជនរីករាយអបអរសាទរនូវការស្ថាបនាផ្លូវនេះ។
ចុងក្រោយលោកមេឃុំបានផ្តាំផ្ញើ ក៏ដូចជាអំពាវនាវដល់បងប្អូនពលរដ្ឋទាំងអស់នៅក្នុងឃុំអណ្តូងថ្មរ សូមជួយថែរក្សាផ្លូវបេតុងយើងធ្វើម៉េចកុំឱ្យឡានធ្ងន់ៗបើកបរលើផ្លូវបេតុង និងសូមចូលរួមថែរក្សាផ្លូវទឹកសង្ខាងឲ្យបានល្អ ដើម្បីកុំឲ្យដាក់ទឹក ក្រែងថ្ងៃក្រោយទៅវាស្រុតផ្លូវយើងខូច ប្រើមិនបានយូរអង្វែងទម្រាំបានយើងមិនងាយទេតាំងពីឆ្នាំ១៩៧៩ អញ្ចឹងយើងមានផ្លូវបេតុងថ្មី សុំចូលរួមថែរក្សាទាំងអស់គ្នា៕