(ភ្នំពេញ)៖ និយ័តករសន្តិសុខសង្គម បានរៀបចំវេទិកាផ្សព្វផ្សាយស្ដីពី «ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម និង ឥទ្ធិពលលើសុខុមាលភាពសង្គម និងសេដ្ឋកិច្ច» ក្នុងគោលបំណងផ្សព្វផ្សាយ នូវការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា តាំងពីថ្ងៃចាប់ផ្តើមរហូតមកដល់ពេលបច្ចុប្បន្ន និងស្វែងយល់អំពីឥទ្ធិពល លើសុខុមាលភាពសង្គម និងសេដ្ឋកិច្ច ជូនដល់សាធារណជន និងតួអង្គពាក់ព័ន្ធនានា ឱ្យកាន់តែទូលំទូលាយ។
វេទិកានេះបានរៀបចំឡើង នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះក្រោមអធិបតីភាព លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម និងលោក ស្ទេនហ្វាន ម៉ាសើរើ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងមានការចូលរួមពី តំណាង និយ័តករក្រោមឱវាទ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, បេឡាជាតិសន្តិសុខសង្គម, មូលនិធិជាតិជំនួយសង្គម, ដៃគូអភិវឌ្ឍន៍ តំណាងនិយោជក និងនិយោជិត, និងវិស័យឯកជននានា។
វេទិកាផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីអ្នកជំនាញការជាសាស្ត្រាចារ្យ ផ្នែកគោលនយោបាយសង្គមនៃសកលវិទ្យាល័យប្រទេសហ្វាំងឡង់ និងសាស្ត្រាចារ្យផ្នែកសន្តិសុខសង្គម និងច្បាប់ការងារនៃសកលវិទ្យាល័យ Vilniusប្រទេស Lithuania ដើម្បីចែករំលែកបទពិសោធដ៏មានតម្លៃ ក្នុងវេទិកាផ្សព្វផ្សាយនេះផងដែរ។
លោកបណ្ឌិត ចន ណារិទ្ធ បានមានប្រសាសន៍ថា ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម គឺមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម តាមរយៈការធានានូវការទទួលបានសេវាសុខាភិបាល, ការរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងកម្រិតសមរមនៃប្រាក់ចំណូល, ការកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជនជាដើម ព្រមទាំងរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈការកៀរគរធនធានហិរញ្ញវត្ថុ (ការសន្សំ) សម្រាប់ការវិនិយោគក្នុងស្រុក។
លោកបណ្ឌិតបន្តថា ចក្ខុវិស័យនៃការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម របស់រាជរដ្ឋាភិបាល ដែលមានក្រុមប្រឹក្សាជាតិគាំពារសង្គមជាសេនាធិការ ដែលបាន និង កំពុងគិតគូរលើជំរុញការបំពេញតួនាទីការធ្វើនិយ័តកម្ម និងការត្រួតពិនិត្យរបស់និយ័តករសន្តិសុខសង្គម ដោយសន្សឹមៗ មួយជំហានម្តងៗ តាមស្ថានភាពជាក់ស្តែង និងធនធានដែលមាន, បន្តពង្រឹងប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពរបស់ប្រតិបត្តិករសន្តិសុខសង្គម និង មូលនិធិជាតិជំនួយសង្គម
ការកែទម្រង់ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល ឱ្យក្លាយជាស្ថាប័នបញ្ជាក់ចំណាយ សម្រាប់សេវាវិជ្ជសាស្ត្រនៃរបបសន្តិសុខសង្គម ,ជំរុញការធ្វើកំណែរទម្រង់របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់មន្ត្រីរាជការសាធារណៈ ,គិតគូរពង្រីកវិសាលភាពរបបសន្តិសុខសង្គមជាជំហានៗ ជាពិសេសរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរយៈការរៀបចំផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល, ការធ្វើឌីជីថលូបនីយកម្មនូវនីតិវិធីអនុវត្តនានាក្នុងប្រព័ន្ធសន្តិសុខសង្គម និងដាក់ចេញផែនការយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងជំរុញការចុះបញ្ជីរបស់ក្រុមហ៊ុន-សហគ្រាសក្នុងប្រព័ន្ធសន្តិសុខសង្គម។
លោក ឡេង សុខឡុង តំណាងនិយ័តករសន្តិសុខសង្គម បានលើកឡើងថា កំណែទម្រង់សំខាន់ៗដែលបានដាក់ចេញដោយរាជរដ្ឋាភិបា អនុឡោមតាមការចង្អុលបង្ហាញរបស់ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ ដែលពាក់ព័ន្ធនឹងការពង្រឹងប្រសិទ្ធភាពប្រព័ន្ធសន្តិសុខសង្គម នាពេលកន្លងមក រួមមាន៖
* ការបង្កើតមូលនិធិសមធម៌សុខាភិបាលក្នុងឆ្នាំ២០១៧ សម្រាប់ចំណាយសុខាភិបាលរបស់គ្រួសារក្រីក្រ(ប្រមាណជិតបីលាននាក់)
និងបុគ្គលបម្រើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ(ប្រមាណជិត ១០ម៉ឺននាក់)
* ការបង្កើតភ្នាក់ងារបញ្ជាក់ចំណាយសុខាភិបាល ក្នុងឆ្នាំ២០១៧ ដោយគ្របដណ្តប់ លើចំណាយសេវាសុខាភិបាលដែលប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល
* ការបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ក្នុងឆ្នាំ២០១៧
* ការកែសម្រួលមុខងារភារកិច្ច និងរចនាសម្ព័ន្ធថ្មីរបស់បេឡាជាតិសន្តិសុខសង្គមទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្នុងឆ្នាំ២០១៩
* ការបង្កើតស្ថាប័ននិយ័តករសន្តិសុខសង្គម ក្នុងឆ្នាំ២០២១
* ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន នៅឆ្នាំ២០២២
* ការបង្កើតមូលនិធិជាតិជំនួយសង្គម ដែលមុខងារមួយផ្នែកត្រូវបានរៀបចំឡើងដោយការច្របាច់បញ្ចូលគ្នានូវមុខងារ នៃបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងបេឡាជាតិអតីតយុទ្ធជន ក្នុងឆ្នាំ២០២២
ជាដើម៕