(កំពង់ឆ្នាំង)៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរស័ព្ទថា លោកទទួលស្គាល់ថាមួយរយៈនេះ ពិតជាមានជនឆ្លៀតឱកាសមួយចំនួន រំលោភបំពានទន្ទ្រានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិទាំងដីតំបន់២ និងដីព្រៃលិចទឹកក្នុងតំបន់៣ ដែលជាតំបន់ហាមឃាត់ការពារដោយច្បាប់។
ពួកគេបានឆ្លៀតឱកាសដែលអាជ្ញាធរ និងសមត្ថកិច្ចកំពុងមមាញឹកក្នុងការរៀបចំសណ្ដាប់ ធ្នាប់សាធារណៈ និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ និងគណបក្សនយោបាយនានា ដែលនឹងចាប់ផ្ដើមបើកយុទ្ធ នាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដូចតាមការព្យាករណ៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រហូតសម្តេចបានចេញបទបញ្ជាឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមានការប្រុងប្រយ័ត្ន និងត្រៀមធ្វើការទប់ស្កាត់ចំពោះជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិរបស់រដ្ឋ។
ប្រធានមន្ទីរកសិកម្ម លោក ងិន ហ៊ុន បានបញ្ជាក់ថា មួយរយៈនេះលោក តែងបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានថា មានជនខិលខូចមួយចំនួនបាននិងកំពុងលួចចូលឈូសឆាយទន្ទ្រានដីព្រៃរបស់រដ្ឋ នៅតាមបណ្តាស្រុកមួយចំនួន។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ លោកក៏បានចាត់ឲ្យមន្ត្រីជំនាញរបស់លោកសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងស្រាវជ្រាវទៅលើទីតាំងដែលជនល្មើសលួចចូលឈូសឆាយទន្ទ្រានយកដីរបស់រដ្ឋ ជាក់ស្ដែង និងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងករណីទាំងអស់ខាងលើនេះ ទៅតាមសេចក្តីរាយការណ៍របស់អាជ្ញាធរ និងប្រជាពលរដ្ឋគ្រប់ទីតាំងដែលបានរាយការណ៍មកលោក។
ជាក់ស្ដែងក្នុងពេលថ្មីៗនេះ លោកបានទទួលរូបភាព និងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងឃុំកំពង់អុស ស្រុកជល់គីរីថា មានការលួចចូលឈូសឆាយទន្ទ្រានយកដីព្រៃរបស់រដ្ឋ ស្ថិតនៅចំណុចភូមិព្រែកឆ្តោ ឃុំកំពង់អុស ស្រុកជល់គីរី ដែលជាដីព្រៃឈើធំៗរបស់រដ្ឋអស់ជាង ១០ហិកតា។
នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ លោកក៏បានចាត់ឲ្យមន្ត្រីផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជល់គិរី សហការជាមួយអាជ្ញាធរឃុំកំពង់អុស សហគមន៍នេសាទភូមិ គៀនតាម៉ា, និងសហគមន៍នេសាទភូមិព្រែកឆ្តោរ បានចុះធ្វើការស្រាវជ្រាវ និងពិនិត្យទៅលើផ្ទៃដីព្រៃលិចទឹកដែលរងការខូចខាតដោយត្រាក់ទ័រឈូសឆាយនៅចំណុចខ្នងបឹងរៀលខាងលិច, ក្នុងឃុំកំពង់អុស ស្រុកជល់គីរី និងចំណុចចុងរាំងលេខ, ស្ថិតក្នុងភូមិព្រែកឆ្តោរ ឃុំកំពង់អុស ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។
ការសហការចុះស្រាវជ្រាវរបស់ក្រុមចម្រុះខាងលើនេះ រកឃើញទំហំនៃការខូចខាត និងទីតាំងដីដែលមានលេខកូដនិយាមកាច្បាស់លាស់ ក្នុងនោះក្រុមចំរុះរកឃើញថា នៅចំណុចបឹងរៀលខាងលិច, អស់ទំហំប្រមាណ៩ហិកតា, នឹងនៅចំណុចចុងរាំងលេខ, អស់ទំហំប្រមាណ៥ហិចតា។ ទំហំនៃការខូចខាតទាំង២ចំណុចខាងនេះ គឺមានលេខកូដនិយាមកាត្រឹមត្រូវ ហើយលោកបញ្ជាក់ឲ្យដឹងទៀតថា ករណីខាងលើនេះលោកកំពុងតែធ្វើការស្រាវជ្រាវរកអ្ន កពាក់ព័ន្ធ ដើម្បីយកមកកសាងសំណុំរឿងបញ្ជូនទៅតុ លាការចាត់ការតាមច្បាប់ផងដែរ។
លោកប្រធានមន្ទីរ បានបន្តឲ្យដឹងទៀតថា ប៉ុន្មានថ្ងៃនេះក៏មានសេចក្តីរាយការណ៍អំពីការលួចចូលឈូសឆាយដីតំបន់៣របស់រដ្ឋ នៅតំបន់ផ្សេងៗមួយចំនួនទៀតផងដែរ។ ក្នុងនោះដូចជានៅក្នុងឃុំសំរោងសែន ឃុំផ្លូវទូក និងឃុំស្វាយរំពារ ក្នុងស្រុកកំពង់លែង។
ករណីនេះលោកនឹងចាត់ឲ្យមន្ត្រីជំនាញរបស់លោក ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះធ្វើការពិនិត្យនិងវាស់វែងជាក់ស្ដែង ថាតើដីទាំងអស់នោះវាជាដីស្ថិតនៅក្នុងអនុក្រឹត្យលេខ១១២ ឬក៏ក្រៅអនុក្រឹត្យ បើរកឃើញថា ជាដីតំបន់៣ស្ថិតនៅក្រៅអនុក្រឹត្យលេខ១១២ពិតមែន លោកនឹងធ្វើការដកហូតយកដីនោះមកទុកជាសម្បត្តិរដ្ឋវិញ ហើយបន្តធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ ការតាមច្បាប់។
លោកបានបញ្ជាក់បន្ថែមផងដែរថា ក្នុងខេត្តកំពង់ឆ្នាំង ដីតំបន់៣ក្នុងអនុក្រឹត្យលេខ១១២ ដែលត្រូវកាត់ឆ្វៀលជូនប្រជាពលរដ្ឋគឺមានតែ២ឃុំប៉ុណ្ណោះ គឺឃុំផ្លូវទូក និងឃុំសំ រោងសែន, ចំណែកឃុំឆ្នុកទ្រូ មានមួយចំនួនតូច ដែលត្រូវកាត់ឆ្វៀលជូនប្រជាពលរដ្ឋបន្លាស់ទី ពីការរស់នៅលើផ្ទះបណ្ដែតទឹកមករស់នៅលើគោកវិញ។ លោកបញ្ជាក់ទៀតថា ទាំងឃុំផ្លូវទូក និងឃុំសំរោងសែន គឺអនុញ្ញាតឲ្យធ្វើតែដីណាស្ថិតក្នុងអនុក្រឹត្យលេខ១១២តែប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យធ្វើក្រៅពីអនុក្រឹត្យខាងលើនេះឡើយ។
ជាចុងក្រោយលោកប្រធានមន្ទីរកសិកម្ម បានផ្ដាំផ្ញើ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច សូមមេត្តាចូលរួមសហការ ដើម្បីរួមគ្នាអនុវត្តតាមបទបញ្ជាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទប់ស្កាត់នូវរាល់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ពីសំណាក់ជនខិលខូចមួយចំនួនតូច ដែលពួកគេបានឆ្លៀតឱកាសក្នុងឱកាសដែលប្រទេសកម្ពុជារបស់យើងកំពុងមមាញឹកក្នុងការ រៀបចំការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ក៏ដូចជាបន្តរួមគ្នាការពារ និងទប់ស្កាត់នូវការចូលបំផ្លិចបំផ្លាញនូវធនធានធម្មជាតិរបស់យើងតទៅថ្ងៃខាងមុខផងដែរ៕