(បាត់ដំបង)៖ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅបរិវេណវត្តគរមានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាគមអតីតយុទ្ធជននៅសង្កាត់វត្តគរ ក្រោមអធិបតីភាពលោក អ៊ុត ខ្លឹង ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគ្រប់ថ្នាក់។
លោក សុខ ឈឿក ចៅសង្កាត់វត្តគរ និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់វត្តគរ បានប្រាប់ឱ្យដឹងថា គ្រឿងឥស្សរិយយសចំនួន១៤៩គ្រឿង មានព្រះរាជាណាចក្រកម្ពុជាថ្នាក់អស្សឬទ្ធិ ០១គ្រឿង មេដាយមាសការពារជាតិ២១គ្រឿង និងមេដាយប្រាក់ការពារជាតិ១២៧គ្រឿង ត្រូវបំពាក់ជូនបងប្អូនយើងជាអតីតយុទ្ធជនចំនួន១៤៩រូប។
ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់វត្តគរ បានប្រាប់បន្ថែមថា ការបំពាក់គ្រឿងឥស្សរីយយសជូនពុកម៉ែបងប្អូន នៃសមាគមអតីតយុទ្ធជននាពេលនេះ គឺជាការដឹងគុណមិនអាចបំភ្លេចបានចំពោះការចូលរួមបម្រើជាតិមាតុភូមិ និងជាការលើកទឹកចិត្តដល់គាត់និងលើកទឹកចិត្តដល់ក្រុមគ្រួសារគាត់ ឱ្យមានមនសិកាស្រឡាញ់មាតុភូមិ លះបង់បម្រើជាតិមាតុភូមិ បន្តរក្សាសន្តិភាពឱ្យគង់វង្ស។
លោក អ៊ុត ខ្លឹង បានថ្លែងអំណរគុណ និងកោតសរសើរដល់វីរភាពរបស់បងប្អូននៃសមាគមអតីយុទ្ធជន គ្រួសារអតីតយុទ្ធជនដែលបានចូលរួមចំណែកបម្រើជាតិមាតុភូមិ ស្រឡាញ់សន្តិភាព ដើរតាមគន្លងមាគ៌ាដ៏ត្រឹមត្រូវជាមួយ រាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនាវាកម្ពុជាកសាងប្រទះពីបាត់ដៃទទេរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ និងបានអំពាវនាវសូមបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តការអភិវឌ្ឍនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឱ្យគ្រប់គ្នា៕