(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ជាលេខាធិការដ្ឋាន បានបញ្ចប់សេចក្តី ព្រាងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ និងត្រៀមដាក់ជូនកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្រ្តី នាពេលឆាប់ៗខាងមុខ។
លោកបន្តថា សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញានេះ ជាមានចក្ខុវិស័យ ក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញា នៅកម្ពុជាឱ្យក្លាយ ទៅជាកម្លាំងចលករមួយ លើកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម តាមរយៈការលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់ព្រះរាជាណាចក្រកម្ពុជា, ការបង្កើតស្នាដៃវប្បធម៌ តក្កកម្ម ធនធានពន្ធុ ចំណេះដឹងជាប្រពៃណី និងវិញ្ញត្តិវប្បធម៌។
សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញានេះ ក៏ជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា ជំរុញគំនិតច្នៃប្រឌិត ការបង្កើតថ្មី និងឧស្សាហកម្មវប្បធម៌ ឱ្យឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល ព្រមទាំងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដើម្បីចូលរួមចំណែកក្នុងការសម្រេច បាននូវចក្ខុវិស័យនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០៥០ផងដែរ។
ការលើកឡើងយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) ដើម្បីគោរពរាយការណ៍ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការរដ្ឋបាល សម្រាប់ការអនុវត្ដសិទ្ធិកម្មសិទ្ធិបញ្ញា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា សមាជិកលេខាធិដ្ឋាននៃគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្មជាច្រើនរូប។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងសមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលបានខិតខំបំពេញការងារ អស់ពីកម្លាំងកាយ កម្លាំងចិត្ត រហូតទទួលបានលទ្ធផលការងារគួរជាទីមោទន ដោយសម្រេចបាន នូវសមិទ្ធផលសំខាន់ៗជាច្រើនរួមមាន៖
១-ការចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាពទាំងនៅកម្ពុជា និងបណ្តាប្រទេសសំខាន់ៗ
២-ការចូលជាសមាជិកនៃកិច្ចព្រមព្រៀង អនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិ
៣-ការរៀបចំសេចក្តីព្រាងច្បាប់ និងអនុក្រឹត្យពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា
៤-កិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអង្គភាពកម្មសិទ្ធិបញ្ញាមួយចំនួន និងការងារអនុវត្ត គម្រោងជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ
៥-ការងារលើកកម្ពស់ចំណេះដឹងសាធារណៈ និងការផ្សព្វផ្សាយច្បាប់
៦-ទទួលជោគជ័យក្នុងការបង្រ្កាប និងទប់ស្កាត់បទល្មើសកម្មសិទ្ធិបញ្ញា ដែលមានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវលទ្ធផលគួរជាទីមោទន លើវិស័យកម្មសិទ្ធិបញ្ញា ដោយឆ្នាំកន្លងទៅក្រុមការងារចរចា ជំពូកកម្មសិទ្ធិបញ្ញា បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចចរចា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលទើបនឹងចូលជាធរមានកាលពីឆ្នាំ២០២២ និងកិច្ចចរចាកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលបានចាប់ផ្តើមចរចាក្នុងឆ្នាំ២០២២ និងទើបបានចុះហត្ថលេខាក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីនេះ ផងដែរ។
លោករដ្ឋមន្ត្រីបន្តថា កិច្ចព្រមព្រៀងទាំងនេះនឹងកា្លយជាកម្លាំងចលករបន្ថែម ប្រកបដោយសក្តានុពល និងកាលានុវត្តភាពថ្មី នៅក្នុងតំបន់អាស៊ី និងមជ្ឈឹមបូព៌ា ដែលការណ៍នេះនឹងក្លាយជាសក្ខីភាព សម្រាប់ឆ្លុះបញ្ចាំងពីការទទួលស្គាល់ជាសកល ពីគ្រប់មជ្ឈដ្ឋាននូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ប្រកបដោយវិបុលភាព និងសន្តិភាពនៅក្នុងយុគសម័យឌីជីថល។
លើសពីនេះ ក្នុងនាមប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា លោករដ្ឋមន្ត្រី បានស្នើសុំដល់សមាជិក សមាជិកានៃអង្គប្រជុំទាំងមូល ចូលរួមពិនិត្យ និងផ្តល់ធាតុចូលបន្ថែម លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការរដ្ឋបាល សម្រាប់ការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ដែលជាលិខិតបទដ្ឋានគតិយុត្តមួយ សម្រាប់អនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា និងធានាបានកិច្ចការពារ ឱ្យមានប្រសិទ្ធភាពនៃសិទ្ធិរបស់ម្ចាស់កម្មសិទ្ធិបញ្ញា ព្រមទាំងការពារផលប្រយោជន៍ អ្នកប្រើប្រាស់ប្រឆាំងនឹងការធ្វើចរាចរនៃផលិតផលក្លែងក្លាយ ជាពិសេសការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ដើម្បីលុបបំបាត់អំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ ដោយជំរុញឱ្យមានការគោរពកម្មសិទ្ធិបញ្ញា ចំណោមសាធារណៈទូទៅ បង្កើនជំនឿទុកចិត្តពីអតិថិជន ពាណិជ្ជកម្មស្មើភាព និងទាក់ទាញវិនិយោគ។
ទន្ទឹមនឹងនេះ ដើម្បីសម្រេចបានសមិទ្ធផលសំខាន់ៗបន្ថែមទៀត សំដៅបន្តអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ឱ្យកាន់តែរីកចម្រើន និងប្រសិទ្ធភាពខ្ពស់លោករដ្ឋមន្រ្តី បានស្នើឱ្យសមាជិកសមាចិកា នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាទាំងអស់ បន្តអនុវត្តទិសដៅការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖
* ជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តក្តាមថ្មកោះកុង ប្រហុកសៀមរាប និងបញ្ចប់ការចុះបញ្ជីម៉ាកសមូហភាព ក្រូចពោធិ៍សាត់ ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល និងទឹកមាត់ត្រចៀកកាំកម្ពុជា។
* ជំរុញការផ្សព្វផ្សាយតាមស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ តាមកម្មវិធីជាតិ អន្តរជាតិ នូវម៉ាកសម្គាល់ភូមិសាស្រ្ត និងម៉ាកសមូហភាពដែលបានចុះបញ្ជីរួច ឱ្យក្លាយជាគោលដៅទេសចរណ៍ និងវប្បធម៌
* បន្តធ្វើវិសោធនកម្មច្បាប់ និងរៀបចំច្បាប់និងបទប្បញ្ញតិ្ត ឱ្យស្របតាមកិច្ចព្រមព្រៀងនានាដែលកម្ពុជាជាសមាជិក និងស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម ព្រមទាំងពង្រឹងបន្ថែមនូវការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ឱ្យកាន់តែមានប្រសិទ្ធភាព
* លើកកម្ពស់ការអប់រំ ការបណ្តុះបណ្តាល និងការយល់ដឹងជាសាធារណៈពីកម្មសិទ្ធិបញ្ញា ជាពិសេសពិនិត្យលទ្ធភាព ក្នុងការបញ្ចូលកម្មវិធីសិក្សាកម្មសិទ្ធិបញ្ញា នៅតាមគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនានា
* ជំរុញសហគ្រាសធុនតូច និងមធ្យម ឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង
* លើកកម្ពស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ការចុះបញ្ជីកម្មសិទ្ធិបញ្ញា៕