(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី២៨ ខែមិថុនា​ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួលរថយន្តដឹកជញ្ជូន ជូនបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ។ ពិធីនេះ រៀបចំធ្វើឡើង នាពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត សូមសម្តែងនូវក្តីរីករាយអបអរសាទរចំពោះការប្រគល់-ទទួលរថយន្តដឹកជញ្ជូនសរុបចំនួន ២៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទសរុបចំនួន ៦២ អង្គភាព។

នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាជំហានទី២ នៃការកៀរគរធនធានក្នុងទ្រង់ទ្រាយធំរបស់សប្បុរសជនខ្មែរ, ក្រុមហ៊ុនខ្មែរ និងពលរដ្ឋខ្មែរ ក្រោមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ដើម្បីជាការគាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ពជាតិយើង ។

ក្នុងនាម សម្តេចទាំងទ្វេ នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត សូមសម្តែងនូវការអរគុណចំពោះសប្បុរសជនខ្មែរយើងទាំងអស់ ដែលតែងបានខិតខំចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ។

ជាពិសេសនៅក្នុងដំណាក់កាលដែលកងយោធពលខេមរភូមិន្ទ កំពុងខិតខំពុះពារសម្រេច ឲ្យបាននូវដំណើរការកំណែទម្រង់របស់ខ្លួន សំដៅកសាង និងពង្រឹងប្រៀបការពារជាតិ ឲ្យបានកាន់តែរឹងមាំ ធានាបាននូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ។ នេះជាការ​បញ្ជាក់បន្ថែម របស់នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត។

ទន្ទឹមគ្នានេះ នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ទឹកចិត្ត និងកាយវិការដ៏ប្រពៃថ្លៃថ្លានេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងនាមសមរភូមិក្រោយ ដែលតែងតែឧបត្ថម្ភគាំទ្រ ផ្នែកមូលដ្ឋានសម្ភារចាំបាច់ ឲ្យដល់កងទ័ព ដើម្បីឲ្យកងទ័ពអាចប្រើប្រាស់សមត្ថភាពជំនាញ ប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តគ្រប់ភារកិច្ចចាំបាច់ចំពោះមុខ រួមទាំងក្នុងប្រតិបត្តិការជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាដើម្បីឆ្លើយតបចំពោះដំណើរការទំនើបកម្មស្របតាមការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។

នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា កងទ័ពកើតចេញពីប្រជាជន និងធ្វើអ្វីៗ ដើម្បីសេចក្តីសុខរបស់ប្រជាជន ហើយប្រជាជនវិញ គឺជាប្រភពនៃការផ្គត់ផ្គង់កម្លាំង ទាំងកម្លាំងទ័ព និងកម្លាំងភស្តុភារ។ មួយវិញទៀត អំណោយដ៏ថ្លៃថ្លានេះ ក៏បានឆ្លុះបញ្ចាំងផងដែរ អំពីចំណងសាមគ្គីភាព និងសម្ព័ន្ធមេត្រីភាពជិតស្និទ្ធរវាងកងទ័ព និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃខឿនការពារជាតិរបស់ប្រជាជន ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ក៏ប្រាប់ឲ្យសូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវលើកទឹកចិត្តដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមបន្តចូលរួមចំណែកអនុវត្តកាតព្វកិច្ច ការពារជាតិដ៏ពិសិដ្ឋរបស់ពលរដ្ឋ ដោយឈរលើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជននេះ ឲ្យបានកាន់តែសកម្មបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែង ជាពិសេសបម្រើដល់ការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូល និងឆ្អឹងខ្នងនៃខឿនការពារជាតិ៕