(ភ្នំពេញ)៖ សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលមានឧកញ៉ា តែ តាំងប៉ ជាប្រធាន បានជួបសម្ដែងការគួរសមជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារ ដែលសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាសម្រេចបាន  នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងជំនួបសម្តែងការគួរសមនេះដែរ ឧកញ៉ា តែ តាំងប៉ បានលើកឡើងពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាល  ក្នុងការប្រគល់សិទ្ធិដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាកាត់ឯកសណ្ឋាន សញ្ញាស័ក្កិ មេដាយ និងបន្តោងខ្សែក ដល់អ្នកដែលទទួលបានគោរមងារ អ្នកឧកញ៉ា និងឧកញ៉ានៅកម្ពុជាទាំងអស់ សម្រាប់ប្រើប្រាស់ក្នុងពេលចូលរួមពិធីបុណ្យជាតិ បុណ្យប្រពៃណីជាតិ និងពិធីផ្លូវការផ្សេងៗ។

យោងតាមអនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា ឯកសណ្ឋានគោរពងារផ្លូវការ សញ្ញាស័ក្តិ មេដាយ និងបន្តោងខ្សែក សម្រាប់ពាក់លើឯកសណ្ឋាន គោរពងារអ្នកឧកញ៉ា និងឧកញ៉ា ត្រូវបានពិនិត្យរៀបចំ និងផ្តល់ជូនតាមគោលការណ៍កំណត់របស់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ឧកញ៉ា តែ តាំងប៉ មានប្រសាសន៍ថា ឯកសណ្ឋានគោរមងារ អ្នកឧកញ៉ានិងឧកញ៉ា ត្រូវបានឆ្លងកាត់ការរចនាពីអ្នកជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការឯកភាពពីក្រសួងមហាផ្ទៃ ព្រមទាំងមានការយល់ព្រមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានចេញជាអនុក្រឹត្យ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកបន្តថា បន្ទាប់ពីទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល​ ក្នុងការកាត់ឯកសណ្ឋាននេះ ​​សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានកាត់ឯកសណ្ឋានផ្តល់ជូន អ្នកឧកញ៉ា និងឧកញ៉ានៅកម្ពុជាបាន ៣៥០រូបហើយ។

លោកបញ្ជាក់ថា ការកាត់សម្លៀកបំពាក់នេះ ធ្វើឡើងតែសម្រាប់អ្នកឧកញ៉ា និងឧកញ៉ា ដែលមានព្រះរាជក្រឹត្យពីព្រះមហាក្សត្រតែប៉ុណ្ណោះ ព្រោះនេះជាឯកសណ្ឋានតំណាងជាតិ។

លោកមានប្រសាសន៍បន្តថា បើទោះបីជារាជរដ្ឋាភិបាលបានចេញអនុក្រឹត្យប្រគល់សិទ្ធិ ដល់សមាគមកាត់ឯកសណ្ឋានសម្រាប់ អ្នកឧកញ៉ា ឧកញ៉ា  នៅកម្ពុជាទាំងអស់ក៏ដោយ ប៉ុន្តែនៅតែមានបុគ្គលមួយចំនួន បានក្លែងបន្លំកាត់ឯកសណ្ឋាននេះ។

លោកបានសំណូមពរដល់អ្នក ដែលកាត់ឯកសណ្ឋានអ្នកឧកញ៉ា ឧកញ៉ា ក្លែងក្លាយទាំងអស់ សូមបញ្ឈប់សកម្មភាពនេះ ដើម្បីកុំឱ្យខូចគោរមងារ អ្នកឧកញ៉ា ឧកញ៉ា ដែលបានព្រះមហាក្សត្របានផ្តល់ជូន។

លោកមានប្រសាសន៍ថា «អ្នកទាំងអស់គ្នា គួរតែស្តាប់អនុសាសន៍របស់រាជរដ្ឋាភិបាល កុំឱ្យគេវាយតម្លៃឧកញ៉ាយើង។ ឯកសណ្ឋានអ្នកឧកញ៉ា ឧកញ៉ា មានអ្នកខ្លះបានយកទៅឃោសនាថា សមាគមមូលនិធិសម្តេចតេជោ កាត់សុទ្ធតែមួយកំប្លេប៉ុន្មានពាន់ ឬរាប់ម៉ឺនដុល្លារ។ ដូចខ្ញុំបានបញ្ជាក់ហើយ អាវឈុតទាំងអស់ ដែលមានស័ក្តិរចនាសម្ព័ន្ធនេះ គឺតម្លៃតែ៦០០ដុល្លារទេ ហើយសមាគមមូលនិធិសម្តេចតេជោបានចំណេញពីនេះ មកជួយសហគ្រាសធុនតូច និងមធ្យមទេ។ ចំពោះអ្នកកាត់ក្លែងក្លាយយើងសំណូមពរថា កុំឱ្យមានតទៅទៀត ណាមួយកុំឱ្យវាខូចតម្លៃងារឧកញ៉ាយើង ដែលមានកន្លែងកាត់ត្រឹមត្រូវ មានអនុក្រឹត្យពីរាជរដ្ឋាភិបាល  ហើយអាវនេះមិនមែនជាអាវបុគ្គលណាមួយទេ គ្រាន់តែក្នុងនាមខ្ញុំជាប្រធានសមាគមមូលនិធិ ស្នើសុំសម្រាប់ឧកញ៉ា យើងទូទៅឱ្យវាមានតម្លៃ ដើម្បីចូលក្នុងថ្នាក់បុណ្យជាតិ បុណ្យឯករាជ្យជាតិ»។

លោកលើកឡើងបន្តថា «សូមឱ្យឧកញ៉ាទាំងអស់ ដែលបានខុសឆ្គងនាំគ្នាកែវិញ ដើម្បីកុំឱ្យអ្នកសារព័ត៌មានគេឆែកទៅឃើញ ឧកញ៉ាគ្រាន់តែខោអាវ ៦០០ដុល្លារសោះ អត់កាត់បែរជាទៅកាត់តាមកន្លែងដែលមិនស្របច្បាប់។ យើងគួរតែកុំបន្តទៅទៀត»។

គួរជម្រាបផងដែរថា យោងតាមអនុក្រឹត្យរបស់សម្តេចតេជោបានបញ្ជាក់ ថា ជនណាដែលបានប្រើប្រាស់ ឬក្លែងបន្លំឯកសណ្ឋានគោរពងារផ្លូវការ សញ្ញាស័ក្ត មេដាយ បន្តោងខ្សែក សម្រាប់ពាក់ពាក់លើឯកសណ្ឋានគោរមងារអ្នកឧកញ៉ា និងឧកញ៉ា នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ជំនួបនេះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកទឹកចិត្តសមាគមមូលនិធិ សម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បន្តធ្វើសកម្មភាពឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការពង្រឹង និងពង្រីកសក្ដានុពលវិស័យសហគ្រាសធនតូច និងមធ្យមនៅកម្ពុជា៕