(សៀមរាប)៖ លោក ហុង វិបុល្យវណ្ណា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយមូលដ្ឋានសង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្ស ចំនួន៣០០នាក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។
ពិធីនេះបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនសង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប ដោយមានការចូលរួមពីលោកស្រី ឡេង លីណា និងលោកឧកញ៉ា ឡេង ប៊ុនគ្រី ដែលជាសប្បុរសជនក្នុងការជួយឧបត្ថម្ភ ដល់កម្មវិធីដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ដល់គណបក្សសង្កាត់សាលាកំរើក។
លោក ហុង វិបុល្យវណ្ណា បានវាយតម្លៃខ្ពស់ទៅលើលទ្ធផល និងសមិទ្ធិផល ដែលគណបក្សប្រជាជនសង្កាត់សាលាកំរើក អនុវត្តបានក្នុងពេលកន្លងមក លើកិច្ចអភិវឌ្ឍន៍ភូមិឃុំសង្កាត់ ព្រមទាំងបានកោតសរសើរពីការខិតខំ ប្រឹងប្រែងរបស់សមាជិកសមាជិកាបក្ស សង្កាត់សាលាកំរើក គ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ក្នុងការ រួមចំណែកលើការអភិវឌ្ឍន៍មូលដ្ឋានសង្កាត់ ឲ្យមានការរីកចម្រើនលើកគ្រប់វិស័យក្រោមដំបូលសន្តិភាពតែមួយ ក្រៅពីផ្លូវ៣៨ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃកម្ពុជា។
លោកបានបន្តថា ដោយកត្តាសន្តិភាពនេះហើយ បានធ្វើឲ្យសង្កាត់សាលាកំរើក មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។ ដូច្នេះហើយសមិទ្ធិផលនេះ គឺកើតចេញពីការរួមសាមគ្គីគ្នារបស់សមាជិក គណបក្សប្រជាជន និងសប្បុរសជន ដែលសបញ្ជាក់ពីគោលនយោបាយដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ពេញផ្ទៃប្រទេស ក្រោមគោលនយោបាយឈ្នះឈ្នះ ដូច្នេះយើងគ្រប់រូបត្រូវតែរក្សានូវសន្តិភាពឲ្យបានគង់វង្ស ដើមី្បភាពរស់នៅសុខសាន្តរបស់យើងគ្រប់រូបផងដែរ។
លោកបានលើកនូវគោលការណ៍របស់គណបក្សមួយចំនួន ដើមី្បជាប្រទីពសម្រាប់ក្រុមការងារ និងសមាជិកបក្សយកទៅអនុវត្តចំពោះមុខ ព្រមទាំងបានធ្វើការក្រើនរំលឹកដល់ដល់ក្រុមយុវជនបក្ស ត្រូវធ្វើការណែនាំដល់គ្រប់ ក្រុមបក្សភូមិទាំង៧ ធ្វើការគ្រប់គ្រង និងពង្រឹងពង្រីកសមាជិកភាពរបស់ខ្លួននៅតាមមូលដ្ឋាន និងក្តាប់ឲ្យបាននូវរាល់សតិអារម្មណ៍របស់សមាជិក និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចខ្លួន ដើមី្បឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ព្រមទាំងបានផ្តាំផ្ញើដល់សមាជិកទាំងអស់ សូមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា ដើមី្បបន្តការអភិវឌ្ឍន៍ប្រទេស ក្រោមម្លប់សុខសន្តិភាព។
លោក សាម ឡន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនសង្កាត់សាលាកំរើក បានថ្លែងអំណរគុណដល់លោកស្រី ឡេង លីណា និងលោកឧកញ៉ា ឡេង ប៊ុនគ្រី ដែលជាសប្បុរសជនដែលតែងជួយឧបត្ថម្ភគាំទ្រដល់ គណបក្សប្រជាជនកម្ពុជា ដែលសបញ្ជាក់ពីភាពជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាស្ថាបនិក មគ្គុទេសក៏ឯក ប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញជូនដល់កម្ពុជា ដើមី្បរក្សាបាននូវសុខសន្តិភាព ហើយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា គ្រប់គ្នាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ព្រមទាំងចូលរួមក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត ដើមី្បគាំទ្រដល់គណបក្សប្រជាជន ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស ឲ្យមានភាពជឿនលឿន។
ក្នុងឱកាសនោះលោកស្រី ឡេង លីណា និងលោកឧកញ៉ា ឡេង ប៊ុនគ្រី ដែលជាសប្បុរសជនបានឧបត្ថម្ភថវិកាដល់គណបក្សសង្កាត់ចំនួន៣ពាន់ដុល្លា សម្រាប់ប្រើប្រាស់ក្នុងពេលយុទ្ធនាការឃោសនា និងបានចែកជូននូវវត្ថុកំដរដៃដល់សមាជិកសមាជិកាចូលរួមស្ត្រីទទួលបានសារុង និងបុរស បានក្រម៉ា និងថវិកាផងដែរ៕