(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ លោក ព្រុំ ឆដា អភិបាលរងស្រុកស្ទោង បានអញ្ជើញប្រកាសអបអរសាទរបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) របស់ឃុំចំណាក្រោម នៅបរិវេណសាលាឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក ព្រុំ ឆដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការទស្សនពិភពលោកកម្ពុជា និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដែលតែងតែសហការឧបត្ថម្ភ និងជាដៃគូអភិវឌ្ឍន៍មូលដ្ឋានស្រុកស្ទោងស្ទើរគ្រប់វិស័យ ដូចជាការ លើកកម្ពស់វិស័យអប់រំ និងសុខភាពសហគមន៍ជនបទជាដើម ក៏ដូចជាវិស័យផ្សេងៗទៀតជាច្រើន។
ជាពិសេស ការលើកកម្ពស់ការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ក្នុងឃុំចំណាក្រោម ដែលជាការចូលរួម និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាពសាធារណ: និងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារផងដែរ។
លោក ព្រុំ ឆដា បានណែនាំសិស្សានុសិស្ស ត្រូវខិតខំធ្វើអនាម័យផ្ទាល់ខ្លួន លំនៅដ្ឋាន និងសាលារៀន ហើយចេះថែរក្សាសុខភាពផ្ទាល់ខ្លួន បរិភោគអាហារូបត្ថម្ភ៣ក្រុម សិក្សារៀនសូត្រ ទាំងនៅសាលារៀន និងនៅតាមគេហដ្ឋាន ដើម្បីក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ ជាពិសេសជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត។
លោកអភិបាលរងស្រុកស្ទោង បានអំពាវនាវមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ អង្គការទស្សនៈពិភពលោក ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរមូលដ្ឋានត្រូវបន្តនិងជំរុញដល់ភូមិចំនួន១៨ទៀតនៅក្នុងស្រុកស្ទោង ដើម្បីឱ្យក្លាយជាភូមិ ODF ឆាប់។
សូមបញ្ជាក់ថា នៅក្នុងពេលនេះក៏មានការប្រគល់ជូនកង់ចំនួន៨០កង់ សៀវភៅចំនួន ៦.២៣១ក្បាល ដល់សិស្សនុសិ្សផងដែរ៕