(ភ្នំពេញ)៖ លោក តូច ចាន់នី អគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធីចុះហត្ថលេខា លើគម្រោងកម្មវិធីជាមួយអង្គការចំនួន១២ ក្នុងគោលបំណងជួយដល់កុមារក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា។
ក្នុងពិធីចុះហត្ថលេខានោះ ក៏បានពិភាក្សា និងផ្តល់យោបល់ជាមួយអង្គការដៃគូ ដែលបានដាក់ពាក្យស្នើសុំកិច្ចព្រមព្រៀង និងពិភាក្សាពិនិត្យឯកសារ ដែលអង្គការបានបំពេញលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងផងដែរ។
លោក តូច ចាន់នី បានឱ្យដឹងថា អង្គការ និងសមាគមទាំង១២ មានសុពលភាពអនុវត្តនៃកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រយៈពេល៣ឆ្នាំ ដែលមានទឹកប្រាក់ សរុបចំនួន ៣១ ៤៩៥ ៨២៨ដុល្លារ។
លោក តូច ចាន់នី បានលើកឡើងថា មុននឹងក្រសួងសង្គមកិច្ចសម្រេចចុះកិច្ចព្រមព្រៀងនេះ ក្រុមការងារបាន ចុះពិនិត្យ និងវាយតម្លៃគម្រោងកម្មវិធីរបស់អង្គការដៃគូ ដោយសហការជាមួយមន្ទីរ និងនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងបានធ្វើរបាយការណ៍ពីលទ្ធផលនៃការចុះត្រួតពិនិត្យ វាយតម្លៃគម្រោងកម្មវិធីជូនថ្នាក់ដឹកនាំ និងបានប្រជុំជាមួយមន្រ្តីជំនាញ និងតំណាងអង្គការដៃគូ ដើម្បីពិនិត្យ និងសម្រួលលើខ្លឹមសារនៃកិច្ចព្រមព្រៀងគម្រោង កម្មវិធីរបស់អង្គការនីមួយៗ ដើម្បីប្រជុំពិនិត្យសម្រេចក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងកម្មវិធីនេះ។
អង្គការដៃគូរចំនួន១២ ដែលចុះកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ចរួមមាន៖
១. អង្គការគ្រួសារថ្មី
២. អង្គការ world vision International
៣. អង្គការ Save the children International
៤. អង្គការកុមារកូនកសិករ
៥. អង្គការអភិវឌ្ឍក្មេងកំព្រា មនុស្សចាស់ជរា និងជនពិការ
៦. អង្គការបណ្តុះគំនិតយុវជន
៧. អង្គការឆាលហ្វាលកម្ពុជា
៨.អង្គការខាំផាសិនអន្តរជាតិ
៩. អង្គការ Cambodia Neighbor
១០. អង្គការទឹកភ្លៀងនៃសេចក្តីសង្រ្គោះ
១១. អង្គការបម្រើសេវាសង្គមដើមឈើសប្បាយ
១២. អង្គការក្តីសង្ឃឹមរបស់កុមារងាយរងគ្រោះ៕