(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ធំ បានអំពាវនាវដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកស្ទោង និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ​ បន្ត​ពង្រឹងស្មារតីសា​ម​គ្គី​ និងត្រូវខិតខំប្រឹ​ង​​ប្រែ​ង​ប្រកបដោយ ការលះបង់ខ្ពស់ ចំពោះការងារដែលជាប្រពៃណី​ដ៏ល្អរបស់គណបក្សនជាបន្តទៀ​ត​ ព្រោះវាជាកត្តា​គន្លឹះ​ដែលធ្វើឲ្យគណប​ក្ស​​ទទួល​បាន​ជោគ​ជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ខាងមុ​ខ​នេះ ​​និ​​ងបន្តអនុវត្តឲ្យបានសម្រេច​​​​​នូវស​មិ​ទ្ធ​​ផល​ថ្មីៗជាបន្តបន្ទាប់​ទៀតជូ​ន​ជា​តិ​​មា​តុ​ភូមិ។

ការអំពាវនាវរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសអញ្ជើញចុះជួបសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកស្ទោង និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី២៨ខែមីថុនាឆ្នាំ២០២៣។

លោក ជា ចាន់តូ បានថ្លែងថា ចំពោះមុខត្រូវបន្ថែរក្សា ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ​ បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គមជាតិ​ឲ្យបានគង់វង្សស្ថិតស្ថិរ ហើយអំឡុងពេលឃោសនាបោះឆ្នោត ត្រូវតែប្រើប្រាស់ទិសស្លោកថា «រួមគ្នា​រ​ក្សា​ស​ន្តិ​ភាពឱ្យខានតែ​បាន» ឲ្យបានជាប់ដើម្បីបំផុសស្មារតីប្រជាជនមើលឃើញពីតម្លៃពិតនៃសន្តិភាព។

ជាមួយនេះត្រូវបង្ហាញឲ្យឃើញពីស្ថានភាពនយោបាយទូទៅ និងសមិទ្ធផ​លរបសរាជរដ្ឋាភិបាល សម្រេចបាននៅក្នុងអាណត្តិទី៦ ពិសេសជោគជ័យយ៉ាងត្រចះត្រចង់ និងជាប្រវត្តិសាស្ត្រក្នុងតួនាទីជាប្រធានប្តូរវេន អាស៊ានឆ្នាំ២០២២ និងការរៀបចំប្រកបដោយជោគជ័យ និងជាទីមោទនភាពជាតិ នៅព្រឹត្តិការណ៍កីឡាស៊ី​ហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ ឲ្យប្រជាជនយល់ដឹង នោះទើបការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ​ទទួលបានជោគជ័យ។

លោក ជា ចាន់តូ បានក្រើនរំលឹកដល់សមាជិកសមាជិកា គណបក្ស​ប្រជាជន​កម្ពុ​ជា ខេត្តកំពង់ធំ ត្រូវបន្តកសាងកម្លាំង និងពង្រឹងសាមគ្គីផ្ទៃក្នុងតាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម និងបន្តកសាងធនធានមនុស្ស ប្រកបដោយចំណេះដឹង និងគុណធម៌ ពិសេសយុវជនជាអ្នកបន្តវេនជំនាន់ក្រោយ៕