(កំពង់ធំ)៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានប្រារព្ធពិធីអបអរសាទរខួបលើកទី ១៦ ទិវាអតីតយុទ្ធជនកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិអតីតយុទ្ធជន ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក លី វេត អភិបាលរងខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣ ដែលក្នុងសារលិខិតបានគូសបញ្ជាក់ពីវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនអតីតយុទ្ធជនយើង ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា និងបានរួមចំណែកធ្វើឲ្យប្រទេសជាតិយើងទទួលបានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំសម្ដេចតេជោ ហ៊ុន សែន ។
លោក លី វេត បានឡើងថ្លែងអំណរគុណចំពោះអតីតយុទ្ធជនយើងទាំងអស់ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាជន ហើយបានផ្តាំផ្ញើដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមជាមួយគណៈ កម្មាធិការសមាគមអតីតយុទ្ធជន បន្តមើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន នៅតាមមូលដ្ឋាននានាបន្ថែមទៀត ដើម្បីបង្កលក្ខណៈឲ្យបងប្អូនអតីតយុទ្ធជនរបស់យើងមានជីវភាពរស់នៅបានសមរម្យ។
លោក លី វេត និងឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈ អធិបតីបានឧបត្ថម្ភនូវស្បៀងអាហារ គ្រឿង ឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ដែលជាអំណោយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ធំ ជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួន៣០៨គ្រួសារ ដែលបានចូលរួមក្នុងពិធីនេះ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម ទឹកត្រីទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ចំនួនមួយកញ្ចប់ និងភួយដណ្ដប់ចំនួនមួយផងដែរ៕