(បាត់ដំបង)៖ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ បានចាប់ផ្តើមចុះធ្វើយុទ្ធនាការ «លើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើវិធីសាស្រ្តរៀនក្នុងបរិបទ នៃការអប់រំឌីជីថល នៅកម្រិតមធ្យមសិក្សាទុតិយភូមិ» នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយមានការចូលរួមពីគណៈនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិចំនួន ១៦០នាក់។
ក្នុងគោលដៅគាំទ្រដល់លទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ បានរៀបចំយុទ្ធនាការតាមកម្រិតវិទ្យាល័យ ក្នុងយុទ្ធនាការ «លើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើវិធីសាស្រ្តរៀនក្នុងបរិបទនៃការអប់រំឌីជីថលនៅកម្រិតមធ្យមសិក្សាទុតិយភូមិ» ដោយការជួបផ្ទាល់ជាមួយសិស្សានុសិស្សនៅថ្នាក់ទី១០ ដល់ថ្នាក់ទី១២។ នៅក្នុងកម្មវិធីនេះយុវជនស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ បានធ្វើបទបង្ហាញដល់តំណាងសិស្សថ្នាក់ទី១០ ដល់ទី១២ នៅតាមវិទ្យាល័យ ដើម្បីឱ្យសិស្សានុសិស្ស នៃតំណាងថ្នាក់ទាំងអស់អាចបន្តផ្សព្វផ្សាយទៅកាន់សិស្សានុសិស្សនៅក្នុងថ្នាក់បន្ត។
យុទ្ធនាការ «លើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើវិធីសាស្រ្តរៀនក្នុងបរិបទ នៃការអប់រំឌីជីថល នៅកម្រិតមធ្យមសិក្សាទុតិយភូមិ» ផ្ដោតលើសកម្មភាពដូចខាងក្រោម៖
១៖ ការស្វែងយល់ពីវិធីសាស្ត្ររៀន (Learning how to learn) សិស្សានុសិស្សម្នាក់ៗអាចស្វែងរកឃើញវិធីសាស្ត្ររៀនដែលសមស្របសម្រាប់មេរៀន និងមុខវិជ្ជានីមួយៗ ក៏ដូចជា វិធីសាស្ត្ររៀនដែលសមស្របទៅតាមបុគ្គលិកលក្ខណៈរបស់ខ្លួន
២៖ ការរៀនដោយស៊ីជម្រៅ (Enrichment Learning) ដោយប្រើប្រាស់ធនធានសិក្សាចំរុះ គឺសិស្សានុសិស្សអាចចេះប្រើប្រាស់ធនធានសិក្សាដែលផលិត ដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ ដើម្បីបំពេញបន្ថែមទៅលើការរៀននៅក្នុងថ្នាក់ជាមួយគ្រូ និងការបង្កើតតារាងកាលវិភាគរៀនជាលក្ខណៈបុគ្គល
៣៖ ការរៀនតាមបែបពន្លឿន (Accelerated Learning) សម្រាប់សិស្សថ្នាក់ទី១២ដែល មានលទ្ធផលនៃការសិក្សានៅទាប ហើយអាចរៀនបំប៉នសមត្ថភាពបន្ថែមដើម្បីត្រៀមខ្លួន សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានការគាំទ្រពីក្រុមប្រឹក្សាយុវជននៅតាមសាលារៀន ជាលក្ខណៈក្លឹបសិក្សា
លោក ប៊ុត បុណ្ណា នាយកនៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន បានលើកឡើងថា ចំពោះកម្មវិធីនេះដែរលោកសង្កេតឃើញថា មានសារប្រយោជន៍ខ្លាំងមែនទែន សម្រាប់ការសិក្សារបស់សិស្សានុសិស្សក៏ដូចជាការបង្រៀនរបស់លោកគ្រូអ្នកគ្រូ លោកសូមនិយាយជាពីរផ្នែក ទីមួយគឺលោកគ្រូអ្នកគ្រូ អាចចូលទៅប្រើប្រាស់កម្មវិធីនេះ ដើម្បីស្វែងយល់អំពីវិធីសាស្រ្តនៃការបង្រៀន ធ្វើឱ្យគាត់អាចអភិវឌ្ឍនូវចំណេះដឹងរបស់គាត់បានបន្ថែមទៀត។
ដោយឡែកចំពោះសិស្សានុសិស្សវិញគាត់អាច មានឱកាសនៅក្នុងស្វ័យសិក្សាដោយខ្លួនឯងតាមរយៈការសិក្សាទៅលើកម្មវិធីទូរស័ព្ទដៃ ទូរសិក្សា-Duraseksa ព្រោះថាបន្ទាប់ពីគាត់សិក្សា នៅក្នុងសាលាគាត់អាចមានឱកាសស្វ័យសិក្សាបន្ថែមទៀតតាមរយៈ កម្មវិធីទូរស័ព្ទដៃ ទូរសិក្សា-Duraseksa នោះដែលធ្វើឲសមត្ថភាពរបស់គាត់កាន់តែអភិវឌ្ឍជាងមុន។
លោកបានបន្តថា មូលហេតុដែលលោកបាទទំនាក់ទំនងទៅក្រុមការងារដើម្បីធ្វើការចុះផ្សាយនូវកម្មវិធីលើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើវិធីសាស្ត្ររៀនក្នុង បរិបទឌីជីថលក្នុងកម្រិតមធ្យមសិក្សាទុតិយភូមិ នៅក្នុងសាលារបស់លោក គឺលោកមានគោលបំណងចង់ឲកូនសិស្សអាចស្វែងយល់ បន្ថែមទៀតអំពីការសិក្សា ដោយកន្លងមកគាត់សិក្សាតែ តាមបែបប្រពៃណីដូចនេះ លោកមានគោលបំណងចង់ឱ្យគាត់ បានដឹងបានឮថាយើងអាចសិក្សាតាមបែបឌីជីថលបានដូចគ្នាថែមមួយកម្រិតទៀត ដើម្បីធ្វើឱ្យចំណេះដឹងរបស់យើងកាន់តែ ចម្រើនថែមទៀត។
បន្ថែមពីនេះចំពោះកម្មវិធីនេះផងដែរ លោកសូមគាំទ្រលើកទឹកចិត្តនិងសំណូមពរទៅកាន់លោកគ្រូ អ្នកគ្រូ ដែលជាបុគ្គលិកអប់រំ ក៏ដូចជា គណៈគ្រប់គ្រងដូចជាសិស្សានុសិស្សទាំងអស់ចូលរួមប្រើនូវកម្មវិធី នេះឱ្យបានគ្រប់ៗគ្នា ឱ្យជួយពង្រឹងគុណភាពនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូ ក៏ដូចជួយពង្រឹងនូវសម្ថភាពសិស្សានុសិស្សរបស់យើងឱ្យកាន់តែល្អប្រសើរទៀតតាមរយៈ ការស្វ័យសិក្សាដោយខ្លួនឯង បន្ថែមហើយមែនទែនទៅ យើងអាចថា យើងអាចសិក្សានៅគ្រប់ទីកន្លែងគ្រប់ពេលវេលាបាននៅពេលដែលយើងចង់សិក្សា ឬទំនេរពីកិច្ចការអ្វីផ្សេងៗ យើងអាចងាយស្រួលនៅក្នុងការស្វ័យសិក្សានិងបង្កើនសមត្ថភាពរបស់ខ្លួន។
មកទល់បច្ចុប្បន្ននេះមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ បានផលិតធនធានសិក្សាឌីជីថល សម្រាប់គ្រប់មេរៀន គ្រប់មុខវិជ្ជា និងគ្រប់កម្រិតថ្នាក់ ដូចជា៖ ធនធានសៀវភៅសិក្សា៖ សន្លឹកកិច្ចការសម្រាប់លើកកម្ពស់ការចងចាំ, សៀវភៅលំហាត់អនុវត្ត, និងសៀវភៅជំនួយស្មារតីរូបមន្តគន្លឹះនិងសង្ខេបមេរៀន,។ ធនធានវីដេអូ ៖ វីដេអូសង្ខេបមេរៀន, វីដេអូបង្រៀនទូទៅ, និងវីដេអូសំណួរចម្លើយ។ ធនធានអន្តរកម្ម ៖ ប្រព័ន្ធធ្វើតេស្តសមត្ថភាពសិស្ស។
បន្ថែមលើធនធានសៀវភៅសិក្សាទាំងអស់ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ បានរៀបចំធនធានសៀវភៅសិក្សាសម្រាប់សិស្សថ្នាក់ទី១២ ជាពិសេសរួមមាន៖ ធនធានសៀវភៅសិក្សា៖ សៀវភៅសង្ខេបមេរៀនថ្នាក់វិទ្យាសាស្រ្ត, សៀវភៅសង្ខេបមេរៀននិងកម្រងវិញ្ញាសាអនុវត្ត, និងសៀវភៅកម្រងវិញ្ញាសានិងអត្រាកំណែ។ធនធានវីដេអូ៖ វីដេអូដំណោះស្រាយវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនឹងបន្តផលិតធនធានសៀវភៅសិក្សា និងវីដេអូ សម្រាប់ការអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា រួមមានការពិសោធអនុវត្តក្នុងបន្ទប់ពិសោធន៍, ការសិក្សាដោយការបង្កើតគម្រោង, ការសិក្សាដោយការសង្កេតធម្មជាតិ, ការបង្កើនចំណាប់អារម្មណ៍ជាមួយវិទ្យាសាស្រ្ត។
សិស្សានុសិស្សទាំងអស់ ក៏ដូចជាគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន គ្រូបង្រៀន និងមាតាបិតានិងអាណាព្យាបាល អាចចូលអានសៀវភៅ និងទស្សនាវីដេអូដែលជាធនធានសិក្សាឌីជីថល សម្រាប់គ្រប់មេរៀន គ្រប់មុខវិជ្ជា និងគ្រប់កម្រិតថ្នាក់ ដែលផលិតដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ តាមរយៈវេបសាយ www.duraseksa.com ( http://www.duraseksa.com/ ) ឬតាម App កម្មវិធីទូរសព្ទដៃ Duraseksa App ។ ដោយសារធនធានសិក្សាឌីជីថលទាំងអស់ ត្រូវបានរក្សាទុកជាលក្ខណៈ Local Hosting ដោយផ្ទាល់នៅមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួង ដូច្នេះសិស្សានុសិស្សអាចអាននិងទស្សនាធនធានទាំងនេះ ក្នុងល្បឿនលឿនជាងការទស្សនាលើប្រព័ន្ធដទៃ។
គណៈនាយកនៃវិទ្យាល័យរដ្ឋនិងឯកជន ដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីនេះ អាចទាក់ទងដោយផ្ទាល់ទៅកាន់លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តាមរយៈតេឡេក្រាម 077586886 ឬតាមអ៊ីម៉េល [email protected]៕