(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសប្រគល់ជូនអាជីវករនូវដំបូលផ្សារធំ ក្នុងក្រុងកំពង់ចាម ដែលបានជួសជុលសាងសង់រួច ដើម្បីបង្កលក្ខណៈងាយស្រួលដល់អាជីវករទាំងអស់ក្នុងការធ្វើអាជីវកម្ម។
អភិបាលខេត្តកំពង់ចាម បានលើកឡើងថា កាលពីផ្សារធំនៅប្រើដំបូលចាស់ លោកបានសង្កេតឃើញថាពិតជាមានការលំបាកដល់ក្រុមអាជីវករផ្សារក្នុងការធ្វើអាជីវកម្ម ទាំងរដូវប្រាំង និងរដូវវស្សា។ ដូច្នេះហើយ ទើបថ្នាក់ដឹកនាំខេត្តបានឯកភាពគ្នាជួសជុល និងសាងសង់ថ្មីដំបូលផ្សារធំនេះ ជូនគណៈអាជីវករ និងអាជីវករទាំងអស់ ដើម្បីទទួលបានភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម ពោលគឺល្អទាំងសងខាងសម្រាប់អ្នកលក់ និងអ្នកទិញផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា មិនមែនតែផ្សារធំនេះទេ ចំពោះផ្សារបឹងកុកក្នុងក្រុងកំពង់ចាម ក៏ត្រូវបានអាជ្ញាធរខេត្ត បានជួសជុល និងសាងសង់ដំបូលថ្មីជូនគណៈអាជីវករ និងអាជីវករផ្សារសម្រាប់ឲ្យពួកគាត់ងាយស្រួល ប្រកបរបរអាជីវកម្មក្នុងផ្សារនោះផងដែរ ដើម្បីពង្រីកអាជីវកម្ម បង្កើនចំណូល លើកកម្ពស់កម្រិតជីវភាពនៅក្នុងគ្រួសារ៕