(កំពង់ចាម)៖ ការអភិវឌ្ឍន៍ប្រទេសជាតិ មិនអាចខ្វះការចូលរួមរបស់ស្ត្រីបានទេ។ នេះជាការលើកឡើងរបស់លោកស្រី ញូង ចរិយា អ៊ុនចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធស្នាក់ការសហគមន៍ទេសចរណ៍កែច្នៃ វត្ថុអនុស្សាវរីយ៍ ស្ថិតនៅភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

លោកស្រី ញូង ចរិយា បានបញ្ជាក់ទៀតថា ការខិតខំប្រឹងប្រែងរបស់សាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តកំពង់ចាម រួមជាមួយបងប្អូនក្នុងសហគមន៍ជាស្ត្រី ដែលបានបណ្ដុះបណ្ដាល កែច្នៃវត្ថុពីកំប្លោក ឬស្សី និងស្លឹកត្នោត ទៅជាសម្ភារៈប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ផ្សេងៗ ក្នុងគោលបំណងដើម្បីដោះស្រាយជីវភាព បង្កើនប្រាក់ចំណូលបន្ថែមទៀត លើកកម្ពស់កម្រិតជីវភាពគ្រួសារ។

លោកស្រី ញូង ចរិយា បន្តថា «នេះគឺជាការលើកកម្ពស់ស្ត្រី ដើម្បីថែរក្សានូវសុខសន្តិភាព ស្ថិរភាព និងរក្សាការពារ បានអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលចំណុចនេះអាចបញ្ជាក់បានថាការអភិវឌ្ឍន៍ប្រទេស គឺមិនអាចខ្វះ ពីការចូលរួមរបស់ស្ត្រីបានទេ ដោយយើងបានដឹងឮ និងឃើញទាំងអស់គ្នាហើយ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាពីមួយអាណត្តិ ទៅមួយអាណត្តិ បានដាក់ចេញគោលការណ៍ លើកកម្ពស់ស្ត្រីជាបន្តបន្ទាប់»