(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកមុខកំពូល បានដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ ក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកមុខកំពូល ដើម្បីត្រៀមបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ក៏ដូចជាដើម្បីត្រួតពិនិត្យ ការងារសំខាន់ៗ ដែលត្រូវអនុវត្តសំដៅដណ្តើមជ័យជម្នះ ឱ្យខាងតែបានជូនគណបក្ស និងប្រជាជននៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ក៏ដូចជាការបោះឆ្នោតលើកក្រោយៗទៀត ដើម្បីរក្សាការពារឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

អង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាលើការរៀបចំផែនការ សកម្មភាព នៃការហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោត នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ឱ្យប្រព្រឹត្តិទៅដោយរលូន, មានសណ្តាប់ធ្នាប់របៀបរៀបរយល្អ, ប្រសិទ្ធភាព និងចៀសវាងឱ្យបាននូវការប៉ះពាល់នានា ស្របតាមបទបញ្ញាត្តិ, នីតិវិធី និងការណែនាំរបស់ គ.ជ.ប. ដើម្បីបង្ហាញពីភាពខ្លាំង, ភាពថ្លៃថ្នូរ និងភាពចាស់ទុំឱ្យស័ក្កិសមជាគណបក្សដែលធំជាងគេ និងមានប្រៀបឈ្នះជាងគេ។

អង្គប្រជុំក៏បានគិតគូរ យកចិត្តទុកដាក់ផងដែរ ទៅដល់ការថែរក្សា សុខភាព និងសុវត្ថិភាពជូនបងប្អូនទាំងអស់ ដែលបានចូលរួមនៅក្នុងការហែក្បួនឃោសនាបោះឆ្នោត។ ជាមួយគ្នានេះ អង្គប្រជុំបានពិនិត្យ និងផ្តល់ផែនការណែនាំ ដល់ក្រុមការងារ, គណៈកម្មាធិការបក្សស្រុក និងឃុំ ដើម្បីចាត់ចែង ការផ្សាយបន្តផ្ទាល់នូវការថ្លែសុន្ទករថានយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ឱ្យបានទៅដល់គ្រប់សមាជិកបក្សទាំងអស់ បានឃើញរូបភាព ឬ/ និងស្តាប់លឺសំឡេងផ្ទាល់របស់សម្តេចតេជោ ប្រធានគណបក្ស នៅគ្រប់មណ្ឌលសកម្មភាពបក្សនៅតាមភូមិឃុំ និងតាមទីតាំង ប្រមូលផ្តុំនានា ព្រមទាំងនៅតាមខ្នងផ្ទះផងដែរ។ អង្គប្រជុំក៏បានធ្វើការពិភាក្សា និងវាយតម្លៃសភាព ការណ៍រួម ទាំងស្ថានភាពសង្គម, សេដ្ឋកិច្ច និងនយោបាយ រួមទាំងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានស្រុកមុខកំពូល។

នៅក្នុងឱកាសនោះ លោក វង្សី វិស្សុត បានផ្តល់ការណែនាំក្រុមការងារគណបក្សទាំងអស់ ត្រូវរក្សាឱ្យបានចលនការ និងប្រក្រតីភាព នៃបរិយាកាសទូទៅនៅក្នុងមូលដ្ឋាន និងត្រូវចិត្តទុកដាក់អនុវត្តទៅតាមផែនការណែនាំ និងផែនការសកម្មភាពការងារ ស្របទៅតាមប្រតិទិនការងារ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការងារផ្ទៀងផ្ទាត់ឯកសារបោះឆ្នោត និងត្រូវបន្តសកម្មភាពឃោសនា និងការចុះជួបសមាជិក បក្សតាមខ្នងផ្ទះ ដោយប្រើប្រាស់កម្លាំង យុវជនជាស្នូលជួរមុខ សំដៅធ្វើយ៉ាងឱ្យសមាជិក គណបក្សបានទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា និងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ពោលគឺត្រូវធានាឱ្យបានថា សមាជិកម្នាក់ សម្លេងគាំទ្រមួយសន្លឹក។

លោក វង្សី វិស្សុត បានក្រើនរំលឹកក្រុមការងារគណបក្សទាំងអស់ ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងសេចក្តីណែនាំរបស់ គ.ជ.ប ដើម្បីធ្វើឱ្យបរិយាកាស និងដំណើរការ នៃការបោះឆ្នោតក្នុងមូលដ្ឋានស្រុកមុខកំពូល បានប្រព្រឹត្តិទៅដោយរលូន, មានសណ្តាប់ធ្នាប់ល្អ, គ្មានអំពើហិង្សា, គ្មានការគំរាមកំហែង និងដោយសេរី, ត្រឹមត្រូវ និងយុត្តិធម៌។

ជាមួយគ្នានេះ ក៏ត្រូវត្រៀមលក្ខណៈទប់ស្កាត់គ្រប់រូបភាពសកម្មភាពទាំងឡាយណា ដែលមានបំណងចង់បំផ្លាញការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត ជាពិសេសក្រុម អ្នកនយោបាយជ្រុលនិយម ដែលនៅតែចិញ្ចឹមចិត្ត ចង់បំផ្លាញសន្តិភាព និងការអភិវឌ្ឍកម្ពុជា។

លោក វង្សី វិស្សុត បានណែនាំមន្រ្តីគណបក្សបន្តធ្វើអំពើល្អ, អំពើត្រឹមត្រូវ និងត្រូវបន្តខិតខំបម្រើប្រជាជន ជាពិសេសមិនត្រូវភ្លេច ក្នុងការផ្តល់សេវាសាធារណៈផ្សេងៗ ប្រកបគុណភាព ព្រមទាំងត្រូវយកចិត្តទុក ដាក់ដោះស្រាយភាព អសកម្មនានា, អយុត្តិធម៌សង្គម ពិសេសការដោះស្រាយ បញ្ហាការស់នៅប្រចាំថ្ងៃ និងការលើកតម្តើងជីវភាពរបស់ប្រជាជន រួមទាំងការបញ្ហាទំនាស់ដីធ្លី និងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។

លោកបានបន្តណែនាំមន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវបន្តសកម្មភាព មនុស្សធម៌ និងកិច្ចការសង្គមនានា ដូចជាការផ្តល់ ជំនួយឧបត្ថម្ភផ្សេងៗ ដល់បងប្អូន ដែលមានការខ្វះខាតផ្នែកជីវភាព និងចាស់ជរាគ្មានទីពឹង ទន្ទឹមនឹងការយកចិត្តទុក ដាក់ដល់ ការប្រកបរបបអាជីវកម្ម, ការបង្កបង្កើនផល និងការងាររបស់ប្រជាជន។

លោកបានបន្តលើកទឹកចិត្ត ដល់ក្រុមការងារ ត្រូវបន្តយកចិត្តទុកដាក់អំពីផល ប៉ះពាល់បណ្តាលមកពីការ អនុវត្តគម្រោងអភិវឌ្ឍនានា ដើម្បីកុំឱ្យប៉ះពាល់ ដល់សតិអារម្មណ៍របស់ប្រជាជន និងត្រូវបន្តចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញឿន ដោយត្រូវយកចិត្ត ទុដាក់ក្នុង ការពង្រឹកកម្លាំងប្រជាការពារ និងតួនាទីរបស់បញ្ជាការគណៈឯកភាពឃុំនីមួយៗ និងត្រូវរក្សាការពារ នូវទ្រព្យសម្បត្តិទាំង ឡាយរបស់រដ្ឋផងដែរ៕