(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅខេត្តបន្ទាយមានជ័យ។

ក្រោយស្តាប់របាយការណ៍ការងារ និងផែនការរបស់លោក អ៊ុំ រាត្រី អភិបាល និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្តបន្ទាយមានជ័យ និងការចូលរួមមតិពីគណបក្សស្រុកក្រុងទាំង៩ រួចមក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំកំពូលរបស់បក្ស។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ​ ដឹងគុណ កោតសសើរសមាជិក និងក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ នៃខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានបន្តខិតខំរួមសាមគ្គី​ ការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយភាពជឿជាក់គាំទ្រតាមគោលមាគ៌ាគណបក្ស និងរាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តបានជោគជ័យនិងត្រឹមត្រូវនូវផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសំណូមពរប្រកបជំនឿជឿជាក់លើសមាជិក សមាជិកា នៃក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ នៃខេត្តបន្ទាយមានជ័យទាំងអស់ សូមបន្តសាងអំពើល្អបន្ថែមទៀត និងអនុវត្តនូវស្មារតីនៃកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីសម្រេចបានជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ និងអំពាវនាវឲ្យពលរដ្ឋទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នានៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ៕