(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានផ្ញើសារសំឡេងមួយតាមរយៈ Telegram ទៅកាន់អ្នកដែលបានបង្កើតគណនី TikTok ដោយប្រើប្រាស់ឈ្មោះរបស់សម្ដេច ដើម្បីមកជួប និងសុំយកមកគ្រប់គ្រងវិញ ក្រោយសម្ដេចមើលឃើញថា អ្នកដែលបង្កើតនេះគ្មានចេតនាអាក្រក់នោះទេ។
តាមរយៈសំឡេងដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនបើត្រូវបិទចោលនូវគណនីដែលមានឈ្មោះរបស់សម្ដេចស្រាប់នោះ វាជារឿងដែលគួរឲ្យស្ដាយដោយសារគណនីនោះ មានអ្នកតាមដានរហូតដល់ជាង៣០ម៉ឺននាក់ និងអ្នកចុច like ជាង៤លាននាក់ឯណោះ។
ក្រៅពីមិនស្ដីបន្ទោសហើយនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានណែនាំឲ្យអ្នកដែលបង្កើតគណនីនោះ ទៅជួបផ្ទាល់ជាមួយលោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលជាជំនួយការរបស់សម្ដេច ដើម្បីពិភាក្សាការងារនេះ ហើយសម្ដេចថែមទាំងផ្ដល់តួនាទីជាជំនួយការឲ្យថែមទៀតផង។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ក្នុងករណីសម្ដេចទទួលបានគណនី TikTok នោះយកមកគ្រប់គ្រងវិញ សម្ដេចអាចនឹងបញ្ឈប់ការប្រើប្រាស់គណនីថ្មីដែលទើបបង្កើត ហើយបន្ដប្រើប្រាស់គណនីចាស់ ដែលមានអ្នកតាមដាន និងចុច Like ស្រាប់ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកដែលតាមដាន និងមានសកម្មភាពរបស់សម្ដេចស្រាប់។
សម្ដេចតេជោ ហ៊ុន សែន បានយល់ឃើញថា គណនី TikTok នោះមានអ្នកចូលគាំទ្រច្រើន ដោយសារប្រើប្រាស់រូបភាព និងឈ្មោះរបស់សម្ដេច ពិសេសបានបង្ហោះរាល់សកម្មភាពទាំងវីដេអូ និងរូបភាពរបស់សម្ដេចតែម្ដង៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖