(ប៉េកាំង)៖ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោក យូ ហ្សេងសេង (Yu Zhengsheng) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នយោបាយ ប្រជាជនចិន ទូទាំងប្រទេសចិនរួចមក គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃកម្ពុជា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន បានបន្តជួបពិភាក្សា ការងារទ្វេភាគីជាមួយ លោក ចាង តឺជាំង (Zhang Dejiang) ប្រធានសភាប្រជាជនចិនទូទាំងប្រទេស បន្តទៀត ។
នៅក្នុងជំនួបនេះថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាង រដ្ឋាភិបាលកម្ពុជា-ចិន ទំាងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការដ៏ទៃទៀត សំដៅនាំមកនូវ ឧត្តមប្រយោជន៍ទៅវិញទៅមក។
សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសកម្ពុជា ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ជម្រាបដល់ ភាគីចិន ដោយបានគូសបញ្ជាក់ថា កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចថេរ ជាមធ្យមក្នុងរង្វង់៧%ក្នុង១ឆ្នាំ។ ឆ្នាំ២០១៦នេះ សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេច បានកំណើនក្នុងរង្វង់៧,១% អត្រានៃភាពក្រីក្រ នឹងត្រូវបានកាត់បន្ថយនៅក្រោម១៣% កម្រិតជីវភាពរស់នៅរបស់ ប្រជាជនទូទៅត្រូវបានលើកកម្ពស់ពី មួយឆ្នាំទៅមួយឆ្នាំ។ សម្តេចបានបន្តថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនេះ មិនអាចកាត់ផ្តាច់បានពីការរួមចំណែកដ៏ធំធេង ក្នុងការជួយឧបត្ថម្ភគំាទ្រ របស់ប្រទេសចិន ទំាងហិរញ្ញទានឥតសំណង និងកម្ចីសម្បទាននោះទេ។
ក្នុងនាមរដ្ឋសភា សម្តេចបានគាំទ្រ និងវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី ស៊ី ជិនពីង នូវគោលនយោបាយ ខ្សែក្រវ៉ាត់មួយ ផ្លូវសេដ្ឋកិច្ចសូត្រ និងការបង្កើតធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលជានយោបាយតភ្ជាប់បណ្តាប្រទេសក្នុងតំបន់អាស៊ានទំាងមូល។ ទំាងនេះ មិនត្រឹមតែបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធប៉ុណ្ណោះទេ ប៉ុន្តែធានាបាននូវការអភិវឌ្ឍ និងវិបុលភាពទំាងអស់គ្នា សម្រាប់បណ្តាប្រទេស តាមបណ្តោយខ្សែក្រវ៉ាត់វិថីសូត្រ រួមទំាងកម្ពុជា ផងដែរ។
លោក ចាង តឺជាំង បានថ្លែងថា ប្រទេសចិនបានជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។ លោកបានលើកឡើងថា កម្ពុជា ជាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។ ទោះបីមិនធ្លាប់អញ្ជើញមកទស្សនា ប្រទេសកម្ពុជា ដោយផ្ទាល់ក៏ដោយ ប៉ុន្តែលោកប្រធានសភា បានដឹងពីការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា។ ឆ្លើយតបការអញ្ជើញរបស់ សម្តេចពញាចក្រី ហេង សំរិន លោក ចាង តឺជាំង នឹងរកពេលវេលាសមស្របណាមួយមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជានាពេលខាងមុន។
លោកប្រធានសភាប្រជាជនចិនទូទំាងប្រទេសបានគូសបញ្ជាក់ថា ប្រទេសចិននៅតែបន្តគំាទ្រ និងចូលរួមចំណែកក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជាបន្តទៀត លើគ្រប់វិស័យ។ ឆ្លៀតនៅក្នុងឱកាសនេះ ភាគីប្រទេសចិនបានគំាទ្រចំពោះជំហរប្រទេសកម្ពុជាលើបញ្ហាសមុទ្រចិនខាងត្បូង ពិសេសកម្ពុជាបានគំាទ្រនយោបាយចិនតែមួយ។
ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិនៃរដ្ឋសភាប្រទេសទំាងពីរវិញកន្លងមក រដ្ឋសភាកម្ពុជា និងសភាតំណាងប្រជាជនចិន បានចុះអនុស្សារណៈ នៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា និងបានអនុវត្តជាប្រចាំ នៅគ្រប់កម្រិត ចាប់ពីកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ គណៈកម្មការជំនាញ ក្រុមមិត្តភាព រហូតដល់កម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងន័យនេះ ឯកឧត្តម ចាង តឺជាំង បានជំរុញឲ្យដល់ស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរបន្ត និងបង្កើនកិច្ចសហប្រតិបត្តិ ការជាមួយគ្នាពិសេសការផ្លាស់ប្តូរដំណើរទស្សនកិច្ច ចែករម្លែកបទពិសោធន៍ពីគ្នាទៅវិញទៅមកឲ្យបានញឹកញាប់។
នៅក្នុងជំនួបពិភាក្សាការងារនេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើសុំសភាប្រជាជនចិន ជួយសាងសង់អគាររដ្ឋបាលដល់រដ្ឋសភាកម្ពុជា ចំនួនមួយខ្នង ដែលមានកម្ពស់១២ជាន់។ សំណើនេះលោកប្រធានរដ្ឋសភាប្រជាជនចិន បានទទួលយក និងស្នើឲ្យដាក់តាមរយៈរាជរដ្ឋាភិបាល។
សូមជម្រាបថា នៅក្នុងដំណើរទស្សនកិច្ចពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រៅពីជួបសវនការនិងពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ របស់ប្រទេសចិន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា គ្រោងនឹងជួបសម្តែងការគួរសមជាមួយ លោក លី យៀនឆាវ (Li Yuanchao) អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងមានកិច្ចប្រជុំមួយចំនួនទៀត ដូចជាជាមួយប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន កិច្ចប្រជុំរវាងអគ្គលេខាធិការរដ្ឋសភា នៃប្រទេសទាំងពីរ និងមានដំណើរទស្សនកិច្ចនៅខេត្តក្វាងស៊ី របស់ប្រទេសចិន ផងដែរ៕