(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ច្រៀច និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពសម្ពោធសាលាបឋមសិក្សា នេត សាវឿន មានជ័យ និងក្លោងទ្វារ ដែលមានទីតាំងស្ថិតនៅភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្ដើមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដោយក្ដីនឹករលឹក និងយកចិត្តទុកដាក់ជាទីបំផុត ជូនដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា គ្រឹះស្ថានសិក្សាដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ជាថ្នាលនៃប្រភពធនធានមនុស្សយ៉ាងសំខាន់ ដែល ត្រូវការចាជាចាំបាច់បំផុត សម្រាប់កសាងការអភិវឌ្ឍប្រទេសជាតិ ទន្ទឹមនឹងវិស័យផ្សេងៗទៀត ដូចជាហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ដែលសុទ្ធតែជាផ្នែកសំខាន់ និងចាំបាច់ ដើម្បីឲ្យប្រទេសជាតិយើងមានការរីកចម្រើនខ្ពស់ទៅមុខ និងឈានទៅក្នុងការប្រកួតប្រជែង ជាមួយប្រទេសដែលអភិវឌ្ឍន៍ ក្នុងឆាកអន្តរជាតិ។

នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានលើកឡើងអំពីការចូលរួមចំណែកដ៏សំខាន់របស់លោកគ្រូ អ្នកគ្រូ ដោយលោកបានធ្វើការប្រៀបធៀបលោកគ្រូ អ្នកគ្រូ គឺជាបេះដូងនៃការស្ដារ អភិវឌ្ឍន៍ និងជាឆ្អឹងខ្នងនៃវិស័យអប់រំ។ នាយឧត្តមសេនីយ៍ បន្ដថា លោកគ្រូ អ្នកគ្រូ បានខិតខំបណ្ដុះបណ្ដាល និងបង្កើតនូវធនធានមនុស្សប្រកបដោយក្រមសីលធម៌ ព្រមទាំងអប់រំកុមារ យុវជនឲ្យមានវិន័យ សីលធម៌ក្នុងសង្គម ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏មានសក្ដានុពល។

ជាមួយគ្នានេះ ក្នុងនាមអគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានក្រើនរំលឹក និងណែនាំដល់អាណាព្យាបាល ត្រូវសហការគ្នាឲ្យបានល្អជាមួយ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ ដោយអប់ការពន្យល់ណែនាំដល់សិស្សានុសិស្ស អំពីផលប៉ះពាល់ដោយសារគ្រឿងញៀន យល់ដឹងអំពីល្បិចនៃការញុះញង់អូសទាញរបស់ជនខិលខូច ជៀសវាងធ្លាក់ចូលអន្ទក់គ្រឿងញៀន ហើយយុវជនផ្ទាល់ត្រូវនិយាយថាទេចំពោះគ្រឿងញៀន កុំចង់ដឹង កុំចង់សាក និងកុំពាក់ព័ន្ធទាំងអស់។

ដោយឡែក ពាក់ព័ន្ធការងារចរាចរណ៍វិញ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏មិនភ្លេចណែនាំដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយបើកបរត្រូវប្រកាន់ស្ដាំ ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ហើយបើកបររថយន្ដត្រូវពាក់ខ្សែក្រវាត់ និងមិនត្រូវបើកបរហួសល្បឿនកំណត់។ សម្រាប់អាណាព្យាបាល ត្រូវចូលរួមជួយអប់រំកូនចៅរបស់ខ្លួនមុនចេញពីផ្ទះ ឬសាលារៀនត្រូវក្រើនរំលឹកជាប្រចាំឲ្យគោរពច្បាប់ចរាចរណ៍។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានជំរុញក៏ដូចជាដាក់ចេញនូវបទបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារ ត្រូវរួមគ្នាបន្ដខិតខំអនុវត្ដនូវគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវ ត្ថិភាព របស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត សំដៅរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ លុបបំបាត់ក្មេងទំនើង និងទប់ស្កាត់បទល្មើសនានា។ មួយវិញទៀត នៅពេលដល់ម៉ោងសិស្សានុសិស្សចេញពីរៀន ត្រូវជួយសម្រួលចរាចរណ៍ឲ្យបានល្អនៅតាមសាលារៀន។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឲ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីជ្រើសរើសមេដឹកនាំប្រទេសដែលអាចរក្សាបាននូវសុខសន្ដិភាព និងបន្ដការអភិវឌ្ឍ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ជ្រៀច ក៏បានប្រកាសឧបត្ថម្ភជូននូវអគារសិក្សាមួយខ្នង មាន៤បន្ទប់ ព្រមទាំងអគារទីចាត់ការមួយបន្ថែមទៀត ដល់សាលាបឋមសិក្សា នេត សាវឿន មានជ័យផងដែរ។

គួរជម្រាបថា ក្នុងពិធីសម្ពោធសាលាបឋមសិក្សា នេត សាវឿន មានជ័យ និងក្លោងទ្វារ នៅពេលនេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានផ្ដល់ថវិកាជូនសាលាស្រុកកញ្ជ្រៀចចំនួន១,០០០,០០០រៀល, កងកម្លាំង៣អង្គភាព មួយអង្គភាព ៥០០,០០០រៀល, នគរបាលប៉ុស្តិ៍ (៨ប៉ុស្តិ៍) ក្នុងមួយប៉ុស្ដិ៍១០០,០០០រៀល, ប្រជាការពារទូទាំងស្រុក (៣៦៩នាក់) ម្នាក់១ម៉ឺនរៀល, គ្រូពេទ្យ (៩នាក់) ម្នាក់២ម៉ឺនរៀល, លោកគ្រូ-អ្នកគ្រូ អ្នកដឹកនាំក្រុមយុវជន (១៥នាក់) ម្នាក់២ម៉ឺនរៀល, សិស្សានុសិស្ស (១៨២នាក់) ម្នាក់សៀវភៅ២ក្បាល ប៊ិច១ដើម និងថវិកា៥ពាន់រៀល, យុវជន៣មុខសញ្ញា (១៥០នាក់) ម្នាក់១ម៉ឺនរៀល, តាជី-យាយជី (៥០នាក់) ម្នាក់ថវិកា១ម៉ឺនរៀល និងក្រណាត់ស១ដុំ៕