(កណ្តាល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានអំពាវនាវឲ្យរួមគ្នា រក្សាភាពសុខសាន្តតាមរោងចក្រ ទប់ស្កាត់ការជួញដូរគ្រឿង និងការចម្លងមេរោគអេដស៍។

ការបន្ដអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី សរុបប្រមាណ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបន្ដការខិតខំ រួមគ្នាតទៅទៀត ហើយអ្វីដែលពូចង់បានបំផុត គឺធ្វើយ៉ាងម្ដេចឲ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្ដមួយ រឿងនេះ វាមិនពិបាកធ្វើនោះទេ សម្រាប់តាមរោងចក្រនីមួយៗ»

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ធ្វើយ៉ាងម្ដេចកុំឲ្យរោងចក្រ ក្លាយទៅជារោងចក្រ ដែលមានហិង្សា មានបងតូចបងធំ មានការប្រើប្រាស់គ្រឿងញៀន មានការចែកចាយគ្រឿងញៀន ហើយក្នុងករណីមានជម្លោះ ត្រូវដោះស្រាយជាមួយគ្នា ឲ្យបានឆាប់។

ទន្ទឹមគ្នានេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានលលកឡើងថា ឥលូវមានបញ្ហាជំងឺអេដស៍ ដែលត្រូវប្រកាសអាសន្នឡើងវិញ សម្រាប់គ្រប់គ្រងជំងឺអេដស៍ ដែលវាបានកើតឡើង គួរឲ្យព្រួយបារម្ភ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ជំងឺអេដស៍នៅប្រទេសកម្ពុជា ធ្លាក់ចុះជាមួយនឹងយុទ្ធនាការផ្សេងៗ ដើម្បីគ្រប់គ្រងជំងឺ និងឈានដល់ការលុបបំបាត់ជំងឺ រាប់ទាំងជំងីគ្រុនចាញ់ ឲ្យចប់ត្រឹមឆ្នាំ២០២៥ ប៉ុន្ដែបែរជាជំងឺអេដស៍ នៅឆ្នាំ២០២២កន្លងទៅ កើនឡើង៣០០ករណី ហើយសំដៅទៅរក អ្នកដែលយកភេទដូចគ្នា ប្រុសនិងប្រុស។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន​ សែន ក៏សូមឲ្យចេះការពារខ្លួន ព្រោះថា អេដស៍មិនទាន់ចប់ទេ ហើយកូវីដក៏មិនទាន់ចប់ដែល ដែលសូមលើកទឹកចិត្ដឲ្យបន្ដ ការយកវ៉ាក់សាំងដូសជំរុញតទៅទៀត៕