(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានអនុម័តទាំងស្រុងហើយលើ សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ដោយសំឡេង៥៩នៃចំនួនសមាជិកព្រឹទ្ធសភា ដែលចូលរួមទាំងអស់។
ការអនុម័តបានធ្វើឡើងក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកសមាជិកព្រឹទ្ធសភាចំនួន៥៩រូប។
វិសោធនកម្មច្បាប់បោះឆ្នោតនេះ ត្រូវបានរដ្ឋសភា កាលពីថ្ងៃទី២៣ មិថុនាឆ្នាំ២០២៣ ដោយសមាជិករដ្ឋសភាចំនួន១១១រូប។ តាមខ្លឹមសារ គឺសេចក្តីព្រាងច្បាប់បោះឆ្នោតថ្មី នឹងធ្វើវិសោធនកម្មចំនួន៨មាត្រា ដោយរាប់ចាប់តាំងពីការបោះឆ្នោតថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ។
សេចក្តីវិសោធនកម្មច្បាប់បោះឆ្នោត មានមាត្រាធំចំនួន៤ ដែលសេចក្តីព្រាងច្បាប់បោះឆ្នោតថ្មី បានធ្វើវិសោធនកម្មនៅពេលនេះ ដោយរាប់ចាប់តាំងការធ្វើវិសោធនកម្មការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ។
និយាយពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានការកែប្រែមាត្រាថ្មីចំនួន៣ គឺមាត្រា២៣ថ្មី មាត្រា១៤២ថ្មី និងមាត្រា១៤៣ថ្មី។ មាត្រា២៣ថ្មី គឺពលរដ្ឋខ្មែរដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ ត្រូវមានសញ្ជាតិជាខ្មែរពីកំណើត មានអាយុ២៥ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានលំនៅឋានក្នុងប្រទេសកម្ពុជា មានការតែងតាំងពីគណបក្សនយោបាយ ហើយអ្វីដែលចាំបាច់ទៀតនោះ គឺត្រូវអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសកលចំនួន២លើកចុងក្រោយ។ រីឯមាត្រា១៤២ថ្មី គឺចែងអំពីការផាកពិន័យចំនួន៥លានរៀលទៅ២០លានរៀល ចំពោះបុគ្គល ដែលរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត ឬបំផ្លាញដល់ការបោះឆ្នោតទាំងមូល និងធ្វើឲ្យការបោះឆ្នោតទាំងមូលបាត់បង់ទំនុកចិត្ត។ សម្រាប់មាត្រានេះ បុគ្គលដែលបានប្រព្រឹត្តសកម្មភាពបែបនោះ នឹងត្រូវ គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬដកសិទ្ធិមិនឲ្យពលរដ្ឋបោះឆ្នោតឲ្យ យ៉ាងតិច៥ឆ្នាំ។ ចំណែកឯមាត្រា១៤៣ថ្មី វិញ គឺ ចែងអំពីការលុបបេក្ខភាពឈរឈ្មោះរបស់គណបក្សនយោបាយ និងត្រូវផាកពិន័យពី១០លានទៅ៣០លានរៀល ចំពោះសកម្មភាពទាំងឡាយដែលរារាំងដល់ដំណើរការបោះឆ្នោត ដូចមានចែងក្នុងមាត្រា១៤២ថ្មី។ ម្យ៉ាងវិញទៀត គណបក្សនយោបាយដែលប្រព្រឹត្តសកម្មភាពបែបនោះ ក៏នឹងត្រូវដកសិទ្ធិចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំនួន៥ឆ្នាំយ៉ាងតិចដូចគ្នា។
រីឯការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏មានខ្លឹមសារមិនខុសអ្វីជាណាស់ណាពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះដែរ។ ដោយមាត្រាថ្មីទាំង៣ គឺមាត្រា៣៥ថ្មី មាត្រា១៧១ថ្មី និងមាត្រា១៧២ថ្មី បានចែងដូចគ្នាស្ទើរទាំងស្រុងទៅនឹងមាត្រា២៣ថ្មី មាត្រា១៤២ថ្មី និងមាត្រា១៤៣ថ្មី ដែលស្តីអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ រាប់ចាប់តាំងពីសកម្មភាព និងការផាកពិន័យជាទឹកប្រាក់។ អ្វីដែលកត់សម្គាល់ សម្រាប់មាត្រា២៣ថ្មី នៅក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺបានតម្រូវឲ្យអ្នកដែលចង់ឈរឈ្មោះ ត្រូវចូលរួមបោះឆ្នោតជាសកលលើកចុងក្រោយ។
ការធ្វើវិសោធនកម្មការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា វិញ គឺសេចក្តីព្រាងបានធ្វើវិសោធនកម្មមាត្រា១៣ថ្មី ដោយរួមបញ្ចូលមាត្រា២៣ថ្មី និងមាត្រាពាក់ព័ន្ធនៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវយកមកអនុវត្តសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
រីឯការធ្វើវិសោធកម្មទី៤ ទៅលើច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត វិញ គឺចែងអំពីមាត្រា១៥ថ្មី ដែលតម្រូវឲ្យពលរដ្ឋចូលរួមការបោះឆ្នោតជាសកលលើកចុងក្រោយ ប្រសិនបើមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា៕