(ភ្នំពេញ)៖ មន្ទីរពេទ្យ «តេជោសន្តិភាព» បានកសាងរួចរាល់នឹងបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសណែនាំឱ្យប្រជាពលរដ្ឋ កម្មករ កម្មការិនី ទៅពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យ «តេជោសន្តិភាព» នេះ នឹងមិនចាំបាច់រង់ចាំដល់ពេលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ឥលូវនេះមន្ទីរពេទ្យ «តេជោសន្តិភាព» នេះបានកសាងស្ទើតែរួចរាល់ហើយ យើងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ ហើយកម្មករ កម្មារិនីយើង ដែលមានជំងឺសុំទៅមន្ទីពេទ្យ «តេជោសន្តិភាព» នេះ សុំទៅពិនិត្យព្យាបាល ឫក៏ព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ ដោយមិនគិតថ្លៃនោះទេ នឹងមិនចាំបាច់ដល់ពេលសម្ពោធទេ ខ្ញុំបានទៅមើលរួចហើយ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា មន្ទីរពេទ្យ «តេជោសន្តិភាព» ជាមន្ទីពេទ្យដែលធំបំផុតនៅកម្ពុជា ហើយនៅតំបន់អាស៊ីអាគ្នេយ៍ មិនមានមន្ទីពេទ្យធំដូូចនេះច្រើននោះទេ ហើយយើងទទួលព្យាបាលជំងឺចាប់ពេលនេះតទៅ នឹងសុំឱ្យប្រជាពលរដ្ឋទាំងអស់ ទៅពិនិត្យព្យាបាលជំងឺនៅមន្ទីពេទ្យថ្មីនេះ។ នេះជាការឆ្លើយតបជាមួយនឹងអ្វីដែលរាជរដ្ឋាភិបាលធ្វើសម្រាប់ភាពសុខសាន្ត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងទៀតថា « ខ្ញុំសូមជម្រាបជូនចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង យើងបានកសាងមន្ទីពេទ្យមួយ ដែលមានសមត្ថភាពរហូតដល់ ១ម៉ឺនគ្រែ ដែលជាមន្ទីពេទ្យធំបំផុតសម្រាប់ប្រទេសរបស់យើង។ នៅទីក្រុងភ្នំពេញមន្ទីពេទ្យរបស់យើងអាចមានសមត្ថភាពប្រមាណ ៥០០០គ្រែតែប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីមានបញ្ហាកូវីដ១៩ រាជរដ្ឋាភិបាល បានកសាងមន្ទីពេទ្យមួយដែលមានសមត្ថភាពចំនួន ១ម៉ឺនគ្រែ សម្រាប់ ១ម៉ឺននាក់។

សម្តេចតេជោ បានបញ្ជាក់ដែរថា យើងបានដកពិសោធន៍រួចហើយ ពេលដែលមានជំងឺកូវីដ១៩ កើតឡើងគឺបានប្រើប្រាស់មន្ទីពេទ្យជាច្រើន រហូតដល់ការប្រើប្រាស់ស្តាតអូឡាំពិក ដើម្បីដាក់អ្នកជំងឺកូវីដ១៩ ដោយមិនមានទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដេកនៅផ្ទាល់ដី ដោយមិនមានការយកចិត្តទុកដាក់នោះឡើយ មិនថាតែនៅរាជធានីភ្នំពេញនោះឡើយ គឺនៅគ្រប់ទីកន្លែងទាំងអស់។

សូមជម្រាបថា មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ហើយគ្រោងបញ្ចប់ការសាងសង់ និងបំពាក់បរិក្ខារនៅចុងខែមិថុនា ឆ្នាំ២០២៣។

មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ។ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ។

មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព» នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាពទទួលអ្នកជំងឺ ដោយមិនមានការព្រួយបារម្ភនោះទេ ដោយមន្ទីរពេទ្យនេះ បំពាក់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដារ៕