(ភ្នំពេញ)៖ ប្រៀបដូចជាបទបញ្ជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានហាមប្រាមដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ទាំងអស់ មិនត្រូវយកបញ្ហាពាក់ព័ន្ធសន្ដិសុខជាតិ ទៅបង្ហោះផ្ដេសផ្ដាសដោយគ្មានការអនុញ្ញាតបានឡើយ។
ក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បញ្ហាសន្ដិសុខជាតិ មិនមែនជារឿងលេងសើចដែលត្រូវយកបង្ហោះនៅលើបណ្ដាញសង្គមនោះឡើយ ប្រសិនបើគ្មានការអនុញ្ញាត។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដាំផ្ញើអ្នកលេង Facebook ទាំងអស់ ហាមដាច់ខាតយករឿងសន្ដិសុខជាតិ មកបង្ហោះមិនអនុញ្ញាតទេ បើគ្មានការអនុញ្ញាតខាងយោធា មិនអាចលេងសើចបានទេ។ សូមប្រាប់ឲ្យហើយ រឿងសន្ដិសុខជាតិ មិនមែនរឿងតូចតាចទេ»។
បំរាមរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ មានការបង្ហោះចែកចាយព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គម Facebook ទាក់ទងរឿងយន្តហោះគ្មានមនុស្សបើក ជាមួយយន្តហោះពាណិជ្ជកម្ម ខណៈសម្ដេចអះអាងថាយប់មិញនេះ មិនមានយន្តហោះគ្មានមនុស្សបើក (Drone) ហោះចូលទឹកដីកម្ពុជានោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ថា អ្នកប្រើប្រាស់បណ្ដាញសង្គមបានយល់ច្រឡំថា ឃើញមានយន្ដហោះ ហោះកាត់ក្រុងបានលុង ខេត្ដរតនគិរី ជាយន្ដហោះគ្មានមនុស្សបើករបស់ក្រុមអមិត្ត ប៉ុន្ដែផ្ទុយទៅវិញ យន្ដហោះនោះ ជាយន្ដហោះពាណិជ្ជកម្មដែលហោះហើរឆ្លងកាត់ប្រទេសកម្ពុជា។ ភ្លាមៗក្រោយការបង្ហោះសម្ដេចបានបញ្ជាឲ្យលុបចេញជាបន្ទាន់ ដើម្បីជៀសវាងការយល់ច្រឡំពីប្រជាពលរដ្ឋ។
មិនអស់ចិត្តជាមួយនឹងការឲ្យលុបចេញនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ខំចិត្តចេញសារទាំងយប់តាមបណ្ដាញ Telegram ដោយអះអាង គ្មានយន្ដហោះគ្មានមនុស្សបើក (ដ្រូន) ហោះចូលដែនអធិបតេយ្យរបស់កម្ពុជាទៀតនោះឡើយ ខណៈកម្លាំងកងទ័ពរបស់កម្ពុជាបានតម្លើងសព្វាវុធជាច្រើនគ្រឿង ដើម្បីត្រៀមបាញ់កម្ទេចយន្ដហោះទាំងនោះ បើនៅតែគឃ្លើនហោះចូលកម្ពុជាបន្ដទៀតដូចពេលកន្លងទៅ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យកងទ័ពប្រើសំណាញ់មេឃដើម្បីបាញ់ទម្លាក់ដ្រូន ដែលហោះចូលទឹកដីកម្ពុជា ដើម្បីស៊ើបការណ៍ បន្ទាប់ពីឃើញមានការហោះហើរជាថ្មីម្តងទៀតចំនួន៧គ្រឿង កាលពីយប់ថ្ងៃទី២៧ ខែមិថុនា។ សម្តេចក៏បានបន្ទោសថា មេទ័ពកម្ពុជាហាក់ដូចជាស្លូតបូតពេក ដែលធ្វើឲ្យពួកភេរវកម្មទាំងនោះបានចិត្ត ហើយហ៊ានហោះចូលរំលោភអធិបតេយ្យភាពកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់ថវិកា ២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណាដែលបាញ់ធ្លាក់ដ្រូន៕