(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវឱ្យរួមគ្នារក្សាសុខសន្តិភាព ដើម្បីធានានិរន្តភាពនៃការអភិវឌ្ឍនៅកម្ពុុជា ហើយត្រូវចាំថាអ្វីដែលកំពុងកើតមាននៅលើទឹកដីកម្ពុជាបច្ចុប្បន្ន ប្រសិនបើគ្មានសន្តិភាពទេ នោះនឹងគ្មានអ្វីៗដូចពេលបច្ចុប្បន្ននេះទេ។

ការអំពាវនាវបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «ដើម្បីឱ្យសហគមន៍សុខសាន្តនេះកើតឡើងបាន ជំហានសំខាន់ជាងគេរួមគ្នាការពារសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្មួយៗត្រូវចាំអ្វីដែលបានកំពុងកើតមាននៅលើទឹកដីកម្ពុជាបច្ចុប្បន្ន បើគ្មានសន្តិភាពទេ គឺគ្មានអ្វីដូចបច្ចុប្បន្ននេះ...!»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបបញ្ជាក់ប្រាប់ទៅកម្មករ កម្មការិនីថាឱ្យដឹងថា បើគ្មានសន្តិភាពនោះទេ ក៏គ្មានអ្នកវិនិយោគិនមកដាក់ទុនវិនិយោគនៅកម្ពុជានោះដែរ។ ប្រសិនបើគ្មានសន្តិភាពនោះយុវជនទាំងអស់នឹងត្រូវជ្រើសរើសទៅបម្រើកងទ័ព ដើម្បីចូលរួមប្រយុទ្ធនៅក្នុងសមរភូមិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមបានបំផ្លាញកម្ពុជា តែប្រជាពលរដ្ឋកម្ពុជា បានប្រឹងប្រែងរួមគ្នាបន្លត់នូវភ្លើងសង្គ្រាមនេះ។ សម្ដេចថាពិតជាមិនចង់ឱ្យប្រទេសដែលកំពុងមានការលូតលាស់មួយនេះធ្លាក់ទៅក្នុងសង្គ្រាមវិញនោះឡើយ ព្រោះទំហំនៃការខូចខាតវាធំធេងសម្បើមណាស់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ «ពីមុនយើងបានរំដោះប្រជាជនកម្ពុជាចេញពីរបប ប៉ុល ពត ក្រោយមកយើងបានរួមគ្នាបង្កើតឡើងនូវសន្តិភាពមួួយដែលអីឡូវមានអាយុ២៤ឆ្នាំហើយ ដែលមានរយៈកាលវែងជាងគេនៅក្នុងដំណាក់កាល ដែលមានជាបន្តបន្ទាប់ ដែលខ្មែរយើងូកែច្បាំងគ្នាណាស់ រហូតមានពាក្យហៅខ្លួនឯងថា ពូជ អ្នកចម្បាំង»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ដូច្នេះ សូមប្រជាពលរដ្ឋរួមគ្នាធ្វើជាអ្នកចម្បាំងតែច្បាំងនឹងភាពក្រីក្រ ច្បាំងនឹងភាពមិនល្អផ្សេងៗនៅក្នុងសង្គម ច្បាំងដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ពោលគឺមិនមែនច្បាំងដោយប្រើប្រាស់អាវុធបង្ហូរឈាមនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវឱ្យខិតខំធ្វើឱ្យរោចក្រ សហគ្រាសក្លាយទៅជាសហគមន៍សុខសាន្ត រក្សាភាពសុខដុមរមនាក្នុងរោងចក្ររវាងកម្មករ និងថៅកែរោងចក្រ កុំឱ្យមានភាពចលាចល ព្រោះបើមានភាពចលាចលនៅកម្ពុជា រោងចក្រនឹងប្ដូរទៅប្រទេសផ្សេង នោះអ្នកដែលខាត់បង់មុនគេគឺកម្មករខ្លួនឯង។ ប្រសិនបើមានបញ្ហាអ្វីមួយ ត្រូវដោះស្រាយដោយសន្តិវិធី ដោយការសន្ទនាគ្នារកដំណោះស្រាយ ទើបធានាបាននូវផលប្រយោជន៍ទាំងអស់គ្នា៕