(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្ដីការក្រសួងការពារជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងអង្គភាពក្រោមចំណុះផងដែរ។

នៅក្នុងអង្គប្រជុំ នាយឧត្តមសេនីយ៍ នាង ផាត បានសង្កត់ធ្ងន់អំពីព្រឹត្តិការណ៍នយោបាយដែលកើតឡើង នាថ្មីៗនេះ ក្នុងនោះមានការរៀបចំពិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដែលច្បាប់នេះមានគោលដៅពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវ របស់អ្នកនយោបាយឈរឈ្មោះឱ្យគេបោះឆ្នោត ក្នុងសង្គមប្រជាធិបតេយ្យ ដែលពុំប៉ះពាល់ទៅដល់សិទ្ធិនៅក្នុងការបោះឆ្នោតរបស់ប្រជាពលរដ្ឋឡើយ។

ចំពោះបញ្ហាទាក់ទងជាមួយនឹង យន្តហោះគ្មានមនុស្សបើក (Drone) ដែលហោះចូលមកលើព្រំដែនប្រទេសកម្ពុជា ក្នុងខេត្តរតនគិរី នាយឧត្តមសេនីយ៍បានចាត់ទុកថា គឺជាការរំលោភបំពានយ៉ាងគឃ្លើនមកលើអធិបតេយ្យភាពរបស់កម្ពុជា ដែលសកម្មភាពនេះ កងយុទ្ធពលខេមរភូមិន្ទត្រូវតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដោយមិនអត់ឱនឱ្យបានជាដាច់ខាត។

បើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ, ក្នុងឆមាសទី១ ឆ្នាំ២០២៣ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចដោយសម្រេចបានជោគជ័យនូវសមិទ្ធផលការងារធំៗជាច្រើន ក្នុងនោះមានបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែន ការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។ ជាក់ស្ដែងករណីមានបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើតឡើងចំនួន១ ៦២៤លើក យើងម្ចាស់ការបង្ក្រាបបានចំនួន៨៨៤លើក។

កងយោធពលខេមរភូមិន្ទ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយនិងសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ, ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រមទាំងបានរៀបចំ ខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) រួមទាំងចូលរួម «ការធ្វើសមយុទ្ធនាគមាស២០២៣» រវាងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពរំដោះប្រជាជនចិនផងដែរ។

សម្រាប់សកម្មភាពនៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ក្រសួងការពារជាតិបាននិងកំពុងបន្តដំណើរការយ៉ាងសកម្ម ដើម្បីលើកកម្ពស់គុណតម្លៃរបស់សន្តិភាព និងឯកភាពជាតិពេញលេញដែលបានមកពីនយោបាយឈ្នះ ឈ្នះ។ រីឯការរៀបចំ និងកសាងតំបន់ប្រវត្តិសាស្ត្រយោធានៅ តាមបណ្តាទីតាំងនានា ពិសេសការកសាងស្តូបឈ្នះ ឈ្នះ កំពុងអនុវត្តដោយស្មារតីទទួលខុសត្រូវដើម្បី សម្រេចតាមផែនការ។ ទន្ទឹមនេះ បានធ្វើការសាងសង់រួចជាស្ថាពរនិងសម្ពោធជាផ្លូវការវិមានសពយុទ្ធជនខេត្តកោះកុងផងដែរ។

ដោយឡែកការពារបញ្ជូនកងកម្លាំងរក្សាសន្តិភាព នៅឆមាសទី១ ឆ្នាំ២០២៣នេះ យើងមានកម្លាំងកំពុងបំពេញបេសកកម្មចំនួន៨៧២នាក់(នារី១៤២នាក់) នៅ ៥ប្រទេស (ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្ដាល)។ នៅក្នុងការបំពេញភារកិច្ចកងយោធ ពលខេមរភូមិន្ទបានបន្តរក្សានូវស្នាដៃមុខជំនាញនីមួយៗបានល្អនិងមានការទទួលស្គាល់ពីមន្ត្រីនានានៅតាម តំបន់បេសកកម្ម ផ្អែកតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិកងកម្លាំងកម្ពុជាបានទទួលលំដាប់ លេខរៀង៣០/១២៣នៃប្រទេសបរិច្ចាគកងកម្លាំង ការចូលរួមរបស់នារីទទួលបានលំដាប់លេខរៀង១២/ ១២៣នៃប្រទេសបរិច្ចាគកងកម្លាំង ចំណែកក្នុងសហគមន៍អាស៊ានកម្ពុជាទទួលបានលំដាប់លេខ៣ . ការចូលរួមរបស់នារីទទួលបានលំដាប់លេខ២ ដែលធ្វើឲ្យកិត្យានុភាពរបស់កងយោធពលខេមរភូមិន្ទក៏ដូចជា កម្ពុជាត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ។

ចំពោះការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាករ កីឡាការិនីកងយោធពលខេមរភូមិន្ទទទួលបានមេដាយសរុប១១១គ្រឿង (មាស៣៣គ្រឿង ប្រាក់២៥គ្រឿង សំរឹទ្ធ៥៣គ្រឿង) និងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ទទួលបានមេដាយ សរុប៥០គ្រឿង (មាស៨គ្រឿង ប្រាក់១៤គ្រឿង សំរឹទ្ធ២៨គ្រឿង)។

ដោយឡែកចំពោះទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ បានចង្អុលបង្ហាញបន្ថែមអំពីផែនការការងារសំខាន់មួយចំនួនទៀតក្នុងនោះមានដូចជា៖ ការត្រៀមគ្រប់លក្ខណៈសម្បត្តិចូលរួមការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយនិងសណ្តាប់ធ្នាប់ជុំវិញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ការបន្តធ្វើកំណែទម្រង់ និងពង្រឹងសមត្ថភាពកងទ័ព ការរៀបចំធ្វើសមយុទ្ធ «ទេវតាសន្តិភាព» រវាងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពរំដោះប្រជាជនចិន ការបន្តចុះផ្សព្វផ្សាយសៀវភៅសការពារជាតិឆ្នាំ២០២២ សម្រាប់ឆមាសទី២ ឆ្នាំ២០២៣ ការរៀបចំ និងកែសម្រួលច្បាប់មួយចំនួនដូចជាច្បាប់ស្តីពីការរៀបចំតុលាការយោធា ច្បាប់ស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (DRONE)។ ការបន្តចុះស្រាវជ្រាវ និងសិក្សាតំបន់ប្រវត្តិសាស្ត្រយោធាតាមបណ្ដាយោធភូមិភាគ និងតាមដានការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង ប៉ៃលិន និងនៅស្រុកអន្លង់វង ខេត្តឧត្តរមានជ័យ និងការរៀបចំទីស្នាក់ការប្រវត្តិសាស្ត្រយោធាមួយចំនួនដែលពុំទាន់សាងសង់ផងដែរ៕