(កំពង់ធំ)៖ លោក ថោង ខុន អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ បានជំរុញក្រុមការងារថ្នាក់មូលដ្ឋាន រួមមាន មេឃុំ មេភូមិ និងភាគីពាក់ព័ន្ធនានា ត្រូវសហការគ្នាជួយសម្របសម្រួល ដើម្បីផ្តល់ភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីឱ្យពួកគាត់ទទួលបានសិទ្ធក្នុងកាេទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

លោក ថោង ខុន បានលើកឡើងបែបនេះនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣​ នៅក្នុងពិធីជួបសំណេះសំណាលជាមួយបណ្តា មេឃុំ មេភូមិ និងភ្នាក់ងារគណៈបក្សស្រុកបារាយណ៍ និងដោយមានចូលរួមពី លោក អួង សារឿន អភិបាលស្រុកបារាយណ៍ និងក្រុមការងារចុះជួយមូលដ្ឋានស្រុកបារាយណ៍ សរុបប្រមាណ៤៣៨រូប។

លោក ថោង ខុន បានណែនាំឱ្យក្រុមការងារថ្នាក់មូលដ្ឋានទូទាំងបារាយណ៍ រួមមាន មេឃុំ មេភូមិ និងភ្នាក់ងារគណបក្សនយោបាយនានា ចុះតាមខ្នងផ្ទះណែនាំពលរដ្ឋ ដែលបានបាត់ ឬខូច ឬកែតម្រូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញគាត់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ ដើម្បីបម្រើការបោះឆ្នោត ឬហៅថា ធ្វើបណ្ណ ឯ.អ ដើម្បីឲ្យគាត់ទទួលបានសិទ្ធចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅតាមស្នាក់គណកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ បាននិងកំពុងធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ ឯ. អ ដើម្បីបម្រើការបោះឆ្នោតនេះ មានរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមិថុនា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ។

ជាមួយគ្នានោះ លោក ថោង ខុន ក៏បានជំរុញលើកទឹកចិត្តដល់ក្រុមការងារគណបក្សនៅតាមស្រុក ឃុំ ភូមិចុះជួយសម្របសម្រួល ដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រៀមខ្លួន ត្រៀមអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី និងបណ្ណព័ត៌មានបោះឆ្នោតជាដើមដើម្បីទៅចូលរួមបោះឆ្នោតនៅខែក្រោយនេះ។

លោក ថោង ខុន ក៏បានអំពាវនាវគ្រួសារពលរដ្ឋដែលមានសាច់ញ្ញាតិទៅធ្វើការងារ ចំណាកស្រុក នៅខេត្តដទៃ និងនៅក្រៅប្រទេសជាដើម សូមត្រឡប់មកចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជំរុញប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនបន្តទៀត និងបានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា សូមថែទាំសុខភាព និងសូមកុំពិសារគ្រឿងស្រវឹង នៅក្នុងអំឡុងថ្ងៃបោះឆ្នោតជាដើម។

បន្ថែមពីនេះលោក ថោង ខុន ក៏បានណែនាំឱ្យសមាជិក-សមាជិកាបក្សត្រូវគោរពគោលការណ៍ និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) ទាំងក្នុងពេលឃោសនារកសំឡេងឆ្នោត និងនៅក្នុងថ្ងៃបោះឆ្នោតសកល នៅក្នុងខែកក្កដាខាងមុខនេះ៕