(តាកែវ)៖ បន្ទាប់ពីក្រុមប្រជាពលរដ្ឋដែលជាម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយ ដោយបានបំលែងពីស្ករសទាំង៣៨ទីតាំង នៅស្រុកបាទី បានសំណូមពរមកអាជ្ញាធរដោយសុំបន្តផលិតស្ករសតទៅទៀតដើម្បីទ្រទ្រង់ជីវភាពគ្រួសារ អាជ្ញាធរខេត្តតាកែវ តាមរយៈលោកអភិបាលស្រុកបាទី និងមន្រ្តីជំនាញពាក់ព័ន្ធដទៃទៀត បានអនុញ្ញាតឲ្យម្ចាស់ទីតាំងទាំងអស់នោះ បន្តផលិតតទៅទៀត ក៏ប៉ុន្តែត្រូវធ្វើទៅតាមលក្ខខណ្ឌ៤​ចំណុច របស់អាជ្ញាធរ។

ថ្លែងនៅក្នុងពិធីជួបជុំជាមួយម្ចាស់ទីទាំងផលិតស្ករត្នោតទាំង៣៨ ទីតាំងនៅសាលាស្រុកបាទី នៅល្ងាចថ្ងៃចន្ទ ទី៨ ខែកក្ដដា ឆ្នាំ២០១៦ លោក អ៊ុក រី អភិបាលស្រុកបាទី បានសម្រេចឲ្យប្រជាពលរដ្ឋបន្តផលិតស្ករបែបបំលែងនេះតទៅទៅទៀត ក៏ប៉ុន្តែម្ចាស់ទីតាំងទាំងអស់ ត្រូវតែគោរពនូវលក្ខខណ្ឌចំនួន៤ របស់អាជ្ញាធ។

លក្ខខណ្ឌទាំង៤នេះទី១ ម្ចាស់ទីតាំងផលិតស្ករត្នោតត្រូវតែទៅសុំច្បាប់អនុញ្ញាត ពីមន្ទីរជំនាញ ទី២ ពាក់ព័ន្ធទៅនិងបរិស្ថាន គឺមិនត្រូវយកក្រណាត់ទៅដុតជំនួសអុសនោះទេ ព្រោះក្រណាត់មានសារធាតុគីមី ទី៣ ម្ចាស់ទីតាំងត្រូវសាងសង់រោង និងចាក់សាបទីធ្លាឲ្យមានអនាម័យល្អ និងទី៤ ត្រូវឈប់ប្រើខ្លាញ់ និងប្រេងឆាលាយធ្វើស្ករ ហើយត្រូវរកឈ្មោះឲ្យបានត្រឹមត្រូវដោយមិនត្រូវយកមកបិតលើធុងស្ករ ដែលបានផលិតរួច ហើយមិនត្រូវដាក់ឈ្មោះថាជាស្ករត្នោត តទៅទៀតនោះទេ។

បើតាមលោកអភិបាលស្រុកបាទី រាល់លក្ខខណ្ឌទាំងអស់នោះម្ចាស់ទីទាំងផលិតស្ករទាំងអស់ បានយល់ព្រមជាមួយអាជ្ញាធ និងបាននាំគ្នាយល់ព្រមកែប្រែឈ្មោះពីស្ករត្នោតមកជា «ស្ករក្រហមកែច្នៃមកពីស្ករស»។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានថ្លែងឲ្យដឹងថា លោករំពឹងថាម្ចាស់ទីតាំងទាំងអស់ និងរត់ទៅសុំច្បាប់ និងបំពេញលក្ខខណ្ឌទៅតាមច្បាប់​​​ ទម្លាប់ឲ្យបានត្រឹមត្រូវ ជៀសវាងក្លែងបន្លំថាស្កនេះធ្វើពីស្ករត្នោតតទៅទៀត។

លោកសង្កត់ធ្ងន់ថា «បើមន្រ្តីរបស់ខ្ញុំពិនិត្យទំនិញ នៅតាមទីផ្សារហើយរកឃើញថា ស្ករនេះមិនមានបិតស្លាកឈ្មោះត្រឹមត្រូវ ដូចដែលពួកគេបានសន្យា ជាមួយអាជ្ញាធរហើយ នៅតែបន្លំទៅដល់អ្នកប្រើប្រាស់ និងដែលនាំឲ្យប៉ះពាល់ដល់អ្នកប្រកបរបរត្រឹមត្រូវ ដែលស្ករត្នោតពួកគេធ្វើពីទឹកត្នោតពិតប្រាកដនោះ លោកនិងស្នើសុំទៅអភិបាលខេត្ត បង្កើតគណៈកម្មាការចុះទៅពិនិត្យទីតាំងនេះម្ដងទៀត ហើយអាចនិងបិទទៅតាំងផលិតស្ករនេះចោលតែម្ដង»