(កំពង់ធំ)៖ លោក ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ដើម្បីអភិវឌ្ឍសមត្ថភាពចំណេះដឹង និងជំនាញឲ្យក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិ។
លោកថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស១២០០នាក់ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២៣។
អ្នកតំណាងរាស្ត្របានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ និងព្យាយាមបន្ថែមទៀត ដោយជ្រើសរើសយកចំណេះជំនាញរបស់ខ្លួនឲ្យកាន់តែខ្លាំងឡើង ទាំងសមត្ថភាព គុណភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ពីព្រោះថាបច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែទំនើប ហើយប្រទេសមានការអភិវឌ្ឍន៍ជាពិសេស គឺធនធានមនុស្សកាន់តែសំបូរធ្វើឲ្យមានការប្រកួតប្រជែង រកកន្លែងការងារដែលល្អដើម្បីមានប្រាក់ខែកាន់តែច្រើន។
ជាមួយគ្នានោះដែរ លោកក៏បានលើកទឹកចិត្តទៅដល់សិស្សានុសិស្សថា ភាពក្រីក្រមិនមែនជាឧបសគ្គក្នុងការសិក្សារៀនសូត្រនោះទេ ទោះបីក្រក៏រៀនបានដែរ ដូច្នេះសិស្សានុសិស្សត្រូវសិក្សារៀនសូត្រ ឲ្យបានច្រើនដើម្បីអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ។
លោកបានបន្តថា ការសិក្សាត្រូវផ្ដោតសំខាន់លើការស្រាវជ្រាវ ហើយការសិក្សាត្រូវមានការតស៊ូ អ្វីដែលសំខាន់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនជារៀងរហូត ជាពិសេសត្រូវបង្កើនការសិក្សាភាសាបរទេស ឲ្យបានច្រើន ពោលគឺសិក្សាពេញមួយជីវិត។ ម្យ៉ាងទៀតក៏ត្រូវចេះជួយខ្លួនឯងមុនឲ្យអ្នកដទៃជួយ ហើយនៅទីណាក៏អាចរៀនបានដែរ និងត្រូវមានការទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងជុំវិញខ្លួនឱ្យចំទិសដៅ។
លោកបានដាស់តឿនទៅដល់ប្អូនៗទាំងអស់ ត្រូវធ្វើយ៉ាងណាធ្វើយ៉ាងណាឲ្យក្លាយខ្លួន ទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងស្ដាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូ។
លោក ឃឹង នុភាព បានអំពាវនាវដល់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូទាំងអស់ ត្រូវត្រៀមឯកសារសម្រាប់ធ្វើការបោះឆ្នោតនៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ នេះឲ្យបានគ្រប់ៗគ្នា៕