(ព្រះសីហនុ)៖ លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការស្ត្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ដោយសារតែប្រទេសយើងមានសន្តិភាពពេញលេញ ទើបស្រ្តី និងកីឡារបស់យើងមានការរីកចម្រើន និងល្បីល្បាញកាន់តែខ្លាំង។
លោកស្រីបណ្ឌិត កុយ ពិសី បានលើកឡើងបែបនេះ អំឡុងពេលលោកស្រីដឹកនាំ កីឡាការិនីឆ្នើមកម្ពុជាដែលជាម្ចាស់មេដាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ចំនួន២០៦នាក់ ធ្វើទស្សនកិច្ច និងសំណេះសំណាល នៅខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។ ក្នុងចំណោមកីឡាការិនីឆ្នើមកម្ពុជា មានម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធ ហើយក៏មានការចូលរួមពីកីឡាការិនី ប៊ូ សំណាង ដែលយកឈ្នះបេះដូងប្រជាជនកម្ពុជា និងពិភពលោកផងដែរ។
ទស្សនកិច្ចរបស់ ប្រតិភូកីឡាការិនីឆ្នើមកម្ពុជា ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ និងជួយឧបត្ថម្ភដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តនេះផងដែរ។
បើតាម លោកស្រីបណ្ឌិត កុយ ពិសី គោលដៅនៃការរៀបចំកម្មវិធីនេះ គឺធ្វើឡើងដើម្បីលើកទឹកចិត្តដល់កីឡាការិនីឆ្នើមកម្ពុជាទាំងមានពិការភាព និងមិនពិការភាព ដែលបានខិតខំរហូតទទួលបានជោគជ័យ ក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កាលពីពេលថ្មីៗនេះ ដែលក្នុងចំណោមមេដាយ ២៨២ កីឡាការិនីស្ត្រីកម្ពុជាទទួលបានមេដាយ១០៤មេដាយ ក្នុងនោះមានមេដាយមាស២២ទៀតផង។ កីឡាការីនីយើងបាននាំយកនូវកិត្យានុភាពជូនជាតិមាតុភូម ដោយធ្វើឲ្យកេរ្តិ៍ឈ្មោះកម្ពុជាក្នុងវិស័យកីឡាល្បីល្បាញកាន់តែខ្លាំងឡើង។
លោកស្រីបណ្ឌិត បានបញ្ជាក់ថា ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ និងមានមេដឹកនាំប្រកបដោយគតិបណ្ឌិត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ឯក ទើបយើងអភិវឌ្ឍបានលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡាយើងក៏រីកលូតលាស់ខ្លាំងក្លាគួរឲ្យស្ញប់ស្ញែង។
នៅក្នុងឱកាសនោះ ក្រុមប្រតិភូកីឡាការិនី បានសម្តែងភាពរីករាយ និងថ្លែងអំណរគុណ និងដឹងគុណ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងថ្លែងអំណរគុណចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) និងលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលបានធ្វើឱ្យកីឡារបស់យើងប្រែមុខមាត់ ពីការគ្មានមេដាយសោះនៅឆ្នាំ២០០៩ មកមានមេដាយ២៨២មេដាយ នៅឆ្នាំ២០២៣ និងអរគុណដល់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានជួយឧបត្ថម្ភ និងសម្របសម្រួល ព្រមទាំងថ្លែងអំណរគុណផងដែរដល់ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia ដែលជួយឧបត្ថម្ភដល់កម្មវិធីនេះ៕