(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ នៅបានចុះជួបសំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជានៅស្រុកសន្ទុក។
ក្នុងឱកាសជួបសំណេះសំណាលនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ជា ចាន់តូ បានពាំនាំការសាកសួរសុខទុក្ខ និងនឹករឮកពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចតេជោ ហ៊ុន សែន ជូនដល់សមាជិក-សមាជិកាទាំងអស់ ដែលជានិច្ចជាកាលសម្តេចទាំងពីរតែងតែគិតគូរ ពីសុខទុក្ខប្រជាជនជានិច្ច ។
ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងត្រូវបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ លោក ជា ចាន់តូ បានក្រើនរំលឹក ដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ឲ្យបន្តកសាងកម្លាំង និងពង្រឹងសាមគ្គីផ្ទៃក្នុងតាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោមឲ្យល្អ និងត្រូវបន្តកសាង ធនធានមនុស្ស ប្រកបដោយចំណេះដឹង និងគុណធម៌ ពិសេស យុវជនជាអ្នកបន្តវេនជំនាន់ក្រោយ។
ជាមួយនេះបន្តរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម ដើម្បីលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ និងបម្រើដល់សកម្មភាពនយោបាយរបស់បក្ស។
លោក ជា ចាន់តូ បានបញ្ជាក់ថា កត្តាផ្ទៃក្នុងរបស់យើងជាកត្តាកំណត់នៃជ័យជម្នះ ដូច្នេះត្រូវរួមសាមគ្គីគ្នាឲ្យបានរឹងមាំ និងត្រូវថែរក្សា រាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឲ្យបានគង់វង្សគ្រប់កាលៈទេសៈ ហើយមិនត្រូវឲ្យជនណា ឬអនុភាពណាមក បំផ្លាញបានជាដាច់ខាត។
លោក ជា ចាន់តូ បានគូសបញ្ជាក់ដែរថា ការឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ខាងមុខនេះ ជាការបោះឆ្នោត ដើម្បីសន្តិភាព និងការអភិវឌ្ឍ ដូចនេះគ្រប់ផ្នែកគ្រប់ថ្នាក់ត្រូវមានការប្ដេជ្ញាចិត្តឲ្យបានខ្ពស់ និងហ៊ានលះបង់គ្រប់យ៉ាងដើម្បីប្រជាជន និងមាតុភូមិ។
នៅក្នុងពិធីនោះសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ សម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សឲ្យបន្តធ្វើជាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិទី៧បន្ត ដើម្បីដឹកនាំប្រទេសឲ្យទទួលបានការអភិវឌ្ឍថ្មីៗបន្ថែមទៀតក្រោមដំបូលសន្តិភាព៕