(ស្ទឹងត្រែង)៖ បេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង និងចូលរួមពីក្រុមប្រតិបត្តិសាខា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងងាយរងគ្រោះបំផុត ស្រុកសៀមប៉ាង ៥៤គ្រួសារ ស្រុកបុរីអូរស្វាយសែនជ័យ ៥២គ្រួសារ និងស្រុកសៀមបូក ៥៣គ្រួសារ សរុបចំនួន ១៥៩គ្រួសារ នៅក្នុងខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ លោក អ៊ុយ សំអាត ក៏បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សួរសុខទុក្ខ និងការនឹករលឹក​ ដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្ដស្ទឹងត្រែង ទោះសម្ដេច មិនបានអញ្ជើញមកផ្ទាល់ តែគិតគូរខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ជាពិសេសក្នុងរដូវវស្សាជិតចូលមកដល់នេះ ដែលមានខ្យល់កន្ដ្រាក់ និងរន្ទះបាញ់ច្រើន ដែលអាចគ្រោះថ្នាក់សុខភាព និងជីវិត។

ជាមួយគ្នានោះដែរ លោក ស្វាយ សំអ៊ាង តំណាងឱ្យប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងផ្តាំផ្ញើឱ្យអាជ្ញាធរ ត្រូវពិនិត្យឲ្យគ្រប់ជ្រុងជ្រោយ ដើម្បីជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋ។

លោកបានថ្លែងបន្ដថា សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង និងអនុសាខាទាំងអស់ បានឆ្លើយបតការងារគ្រោះមហន្តរាយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាង១ពាន់គ្រួសារ រយៈពេលជាង៦ខែ ក្នុងឆ្នាំ២០២៣នេះ ប៉ុន្តែប្រមាណជា ២-៣ខែនេះ មានខ្យល់កន្ត្រាក់ច្រើនគួឲ្យកត់សម្គាល់ ទើបសាខាបានស្នើសុំពីកាកបាទក្រហមកម្ពុជា ស្នាក់ការកណ្តាល ដើម្បីសម្រាលការលំបាកជូនប្រជាពលរដ្ឋនាពេលនេះ។

ជាថ្មីម្តងទៀង លោកស្វាយ សំអ៊ាង តំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សូមជូនពរនូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ដ្រាក់ និងក្រខ្សត់ ចំនួន ១៥៩គ្រួសារ នៅក្នុងខេត្តស្ទឹងត្រែង ដោយក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ និងឃីត១ឈុត (សារុង១ មុង១ ភួយ១ និងក្រមា១)៕