(ភ្នំពេញ)៖ ក្នុងនាមរាជរដ្ឋាភិបាល​កម្ពុជា និងក្នុងនាមផ្ទាល់ខ្លួន សម្តេចតេជោ ហ៊ុន សែន ផ្ញើសារចូលរួមអបអរសាទរថ្ងៃបុណ្យ «រ៉យ៉ាហាជ្ជី» ដែលជាថ្ងៃបុណ្យដ៏ធំមួយនៃប្រពៃណីទំនៀមទម្លាប់របស់ខ្មែរឥស្លាម នៅថ្ងៃព្រហស្បតិ៍​ ទី១០ ខែហ្សុលហិជ្ជះ ឆ្នាំ១៤៤៤​ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃព្រហស្បតិ៍​ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០២៣​។

សម្តេចតេជោ ផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះខ្មែរឥស្លាម ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់​ និងគាំទ្រលើការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក។ ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់​ សេចក្តីសម្រេច​សារាចរណែនាំ​ និងវិធានការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបងប្អូនខ្មែរឥស្លាមបានអនុវត្តតាមការណែនាំរបស់ ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាផងដែរ ដែលយើងទទួលបានជោគជ័យដ៏ធំធេង សំរាប់ជាតិយើង ។​

សម្តេចតេជោ ក៏បានអំពាវនាវដល់ខ្មែរឥស្លាម​ បន្តចូលរួមថែរក្សាសុខសន្តិភាព​ និងការអភិវឌ្ឍសង្គមជាតិ​ ដោយត្រូវរក្សានូវសុខដុនីយកម្មជាតិសាសន៍​ និងសាសនា​ និងអញ្ជេីញទៅបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ​ នីតិកាលទី៧​ ឱ្យបានគ្រប់ៗគ្នា​ នៅថ្ងៃអាទិត្យ​ ទី២៣​ ខែកក្កដា​ ឆ្នាំ២០២៣ខាងមុខនេះ៕