(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា «ការហោះចូលដែនអាកាសកម្ពុជា របស់យន្តហោះគ្មានមនុស្សបើកបរ គឺការរំលោភ បំពានយ៉ាងគន្លើន និងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាព ទឹកដីរបស់កម្ពុជា»។

តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រសួងការបរទេស បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានតាមដានដោយ ការយកចិត្តទុកដាក់បំផុត ចំពោះហេតុការណ៍ដែលបានកើតឡើងប៉ុន្មានថ្ងៃមុននេះ នៅក្នុងខេត្តដាឡាក់ (Dak Lak) ប្រទេសវៀតណាម និងចាត់ទុកការវាយប្រហារដោយក្រុមប្រដាប់អាវុធខុស ច្បាប់ ទៅលើស្នាក់ការប៉ូលីស នៅក្នុងឃុំ Ea Tieu និង Ea Ktur គឺជាអំពើភេរវកម្ម ដែលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសជិតខាងជាមិត្ត។

ក្រសួងនេះបានបន្តថា ក្នុងស្មារតីប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការគោរពអធិបតេយ្យ និងគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងនឹងប្រទេសជិតខាងជាមិត្តនោះ កម្ពុជាបាន និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងប្រដាប់អាវុធវៀតណាម ក្នុងការទប់ស្កាត់ មិនឱ្យអំពើខុសច្បាប់បែបនេះកើតឡើងជាថ្មីនោះឡើយ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា ជាមួយនេះ បន្ទាប់ពីព្រឹត្តិការណ៍ហិង្សាខាងលើនេះ កម្ពុជាក៏ទទួលបានព័ត៌មានពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចនៅតាមបណ្ដោយខេត្តជាប់ព្រំដែនជាមួយនឹងវៀតណាម ពោលគឺខេត្តរតនៈគីរី និងខេត្តមណ្ឌលគីរីថា មានយន្តហោះគ្មានមនុស្សបើកបរ (drones) ហោះចូលដែន អាកាសកម្ពុជា ជាញឹកញាប់ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ទង្វើរបស់ក្រុមមិនស្គាល់អត្តសញ្ញាណនេះ គឺជាការរំលោភបំពានយ៉ាងគន្លើន និងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់សិទ្ធិការពារខ្លួន និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់និងសមស្របខាងផ្នែកយោធា ដើម្បីរារាំងនូវ ការហោះចូល ដោយយន្តហោះគ្មានមនុស្សបើកបរនោះ សាជាថ្មីចូលមកក្នុងដែនអាកាសរបស់ កម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេស។

បើតាមក្រសួងការបរទេស, ក្នុងករណីរកឃើញប្រភពពិតនៃយន្តហោះគ្មានមនុស្សបើកបរទាំងនោះ រាជរដ្ឋាភិបាលកម្ពុជា នឹងមានវិធានការបន្តខាងផ្លូវច្បាប់ និងការទូត ដើម្បីប្តឹងតវ៉ាទៅនឹងការឈ្លានពាននេះ មកលើអធិបតេយ្យភាព និងបូរណ៍ភាពទឹកដីរបស់កម្ពុជា៕