(ភ្នំពេញ)៖ លោក ពិត ចំណាន រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា សិក្ខាសាលាអប់រំផ្សព្វផ្សាយស្ដីពីវិធានការបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង និងការស្វែងរកសេវាគាំទ្រសុខភាពផ្លូវចិត្ត ដល់បុគ្គលិកអប់រំវ័យចាស់ក្នុងវិស័យអប់រំ នឹងចូលរួមពង្រឹងនិងពង្រីកកិច្ចគាំទ្រគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ដើម្បីចូលរួមលើកកម្ពស់គុណភាពជីវិតរបស់មនុស្សចាស់នៅកម្ពុជា។

លោក ពិត ចំណាន បានលើកឡើងយ៉ាងដូចនេះនារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសិក្ខាសាលាអប់រំផ្សព្វផ្សាយស្ដីពីវិធានការបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង និងការស្វែងរកសេវាគាំទ្រសុខភាពផ្លូវចិត្ត ដល់បុគ្គលិកអប់រំវ័យចាស់ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសុខាភិបាល តំណាងអង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) មន្រ្តីនាយកដ្ឋានសុខភាពសិក្សា និងបុគ្គលិកអប់រំ មកពីអង្គភាព ពាក់ព័ន្ធក្រោមឱវាទសរុបចំនួន ២០០រូប ស្រី ៧៧រូប មានអាយុចាប់ពី ៤៥ឆ្នាំឡើង ដែលអញ្ជើញមកពី ៤៩អង្គភាព ក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

សិក្ខាសាលានេះមានក្នុងគោលបំណងផ្ដល់ការយល់ដឹងពីការថែទាំសុខភាពផ្លូវចិត្ត និងការស្វែងរកសេវាថែទាំ សមស្រប និងទាន់ពេលវេលា សំដៅលើកកម្ពស់គុណភាពជីវិតរបស់មនុស្សវ័យចាស់ក្នុងវិស័យអប់រំនៅកម្ពុជា ផ្ដល់ការយល់ដឹងពីការបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង និងការស្វែងរកសេវាប្រឹក្សា និងអត្ថប្រយោជន៍នៃការថែទាំសុខភាព ផ្លូវចិត្ត ព្រមទាំងផ្ដល់ការយល់ដឹងពីអាហារូបត្ថម្ភ និងរបបអាហារមានតុល្យភាពសម្រាប់មនុស្សវ័យចាស់ ដើម្បីរក្សាបាននូវបទដ្ឋានសុខភាពកាន់តែខ្ពស់ថែមទៀត។

ជាមួយគ្នានោះលោករដ្ឋលេខាធិការប្រចាំការ ក៏បានកោតសរសើរចំពោះសមិទ្ធិផលនានាដែលនាយកដ្ឋានសុខភាពសិក្សាសម្រេចបានកន្លងមក ក្នុងការលើកកម្ពស់សុខភាពសិក្សានៅតាមសាលារៀនផងដែរ។

លោក ពិត ចំណាន ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមជាស្ថាប័ននាំមុខក្នុងការអភិវឌ្ឍធនធានមនុស្ស ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវគោលនយោបាយ ផែនការចង្អុលផ្លូវអប់រំឆ្នាំ២០៣០ ផែនការមេស្តីពីការលើកកម្ពស់សុខភាពសិក្សា និងផែនការយុទ្ធសាស្រ្ត និងបាន អភិវឌ្ឍសៀវភៅគោលប្រតិបត្តិ ស្តីពីការសង្គ្រោះផ្លូវចិត្តបឋម សម្រាប់បុគ្គលិកអប់រំ ដែលគ្របដណ្តប់ទាំងការគាំទ្រ ផ្នែកចិត្តសាស្រ្ត និងសង្គម ដែលជាកិច្ចអន្តរាគមន៍ឆ្លើយតបដំបូង ដែលបានការគាំទ្រពីអង្គការសុខភាពពិភពលោក ដើម្បីជាការគាំទ្រចំពោះមនុស្សជាតិ ដែលកំពុងទទួលរងនូវវិបត្តិធ្ងន់ធ្ងរ។

លោករដ្ឋលេខាធិការប្រចាំការ ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា ចូលរួមអនុវត្តផែនការសកម្មភាព ២០១៨-២០៣០ និងគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាផ្លូវការកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី និងបានប្រកាសដាក់ឱ្យចាប់ផ្តើមអនុវត្តដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។

លោក ពិត ចំណាន ក៏បានបង្ហាញក្តីសង្ឃឹមដែរថា សិក្ខាកាមទាំងអស់នឹងបន្តចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលទទួលបានពីអង្គសិក្ខាសាលានេះដល់អ្នកពាក់ព័ន្ធទាំងអស់ទាំងក្នុងគ្រួសារ និងសហការីក្នុងអង្គភាព ដើម្បីលើកកម្ពស់ផ្លូវចិត្តដល់បុគ្គលិកអប់រំផងដែរ៕