(កណ្ដាល)៖ លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បាននាំយកនូវសៀវភៅ ចំណេះដឹងទូទៅផ្សេងៗជិត៣០០ក្បាល មកប្រគេនព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ដ វណ្ណោ ព្រះថាជាគណថ្នាក់ចត្វា ព្រះលេខាធិការគណខេត្ត នាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា និងជាព្រះចៅអធិការវត្តក្រពើហារ ស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនោះ ព្រះសិរីវិសុទ្ធិវ័ន្ដ វណ្ណោ បានមានព្រះពុទ្ធដិការថា សៀវភៅជិត៣០០ក្បាលនេះ នឹងផ្ដល់គុណប្រយោជន៍បន្ថែមទៀត ដល់សមណសិស្សសិក្សាស្រាវជ្រាវបន្ថែម លើចំណេះដឹង ដែលបានសិក្សាពីពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ក្រពើហា។

ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ដ វណ្ណោ បានថ្លែងអំណរគុណចំពោះ លោកបណ្ឌិតសភាចារ្យ ដែលជានិច្ចជាកាលតែងតែលើកតំកើងក្នុងវិស័យអប់រំ ទាំងអាណាចក្រ និងពុទ្ធចក្រ។ ជាទីបញ្ជាប់ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ដ វណ្ណា បានជូនសព្វសាធុការពរ លោកបណ្ឌិត ហង់ ជួនណារ៉ុន និងក្រុមការងារ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា នេះជាលើកទី២ហើយ ក្នុងឆ្នាំ២០២៣នេះ ដែលលោករដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន បានប្រគេនសៀវភៅ ដល់ពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ក្រពើហា ដោយប្រគេនលើកទី១ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ជាសៀវភៅសរសេរជាង៣,៥០០ក្បាល និងចំនេះដឹងទូទៅជាង១ពាន់ក្បាល ដូច្នេះចំនួន២លើកនេះ សរុប ជាង៥ពាន់ក្បាល៕