(ភ្នំពេញ)៖ សមាគមឈានចូវ ប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំជំនួបរវាងវិនិយោគិនកម្ពុជា និងចិន ដែលបានគាំទ្រដោយក្រសួងពាណិជ្ជកម្ម ប្រទេសកម្ពុជា និងគណៈប្រតិភូពាណិជ្ជកម្មក្រុងឈានចូវ ប្រទេសចិន។

ថ្លែងទៅកាន់វិនិយោគិនទាំងកម្ពុជា ទាំងចិនដែលមានចំនួនសរុប១៨០រូប លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថា ក្នុងរយៈពេល១០ឆ្នាំ នៃការចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ សេដ្ឋកិច្ចរបស់កម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំងដែលចរន្តនៃការរីកចម្រើននេះពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងខ្លាំងក្លាពីមិត្តចិន ហើយដែលក្នុងនោះក៏មានការរួមចំណែកពីវិនិយោគិនចិនផងដែរ។

លោកបានបន្តថា ការលើកទឹកចិត្តនិងគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងវិនិយោគិននៃប្រទេសទាំងពីរ កម្ពុជា និងចិន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាក្រោមទម្រសុខសន្តិភាព និងសេរីភាពពេញបរិបូរណ៍នៅក្នុងប្រទេសកម្ពុជា។

លោក LIU LINSHUANG ទីប្រឹក្សារដ្ឋបាលក្រុងឈានចូវ ខេត្តហុកគាង ប្រទេសចិន បានជម្រាបថា ក្នុងឆ្នាំ២០២២កន្លងទៅ GDPរបស់ក្រុងឈានចូវ បានលើស ១,២ពាន់ពាន់លានយាន់ ដែលស្មើនឹង១% នៃ GDP សរុបរបស់ប្រទេសចិន។ ទីផ្សារឧស្សាហកម្មរបស់ក្រុងឈានចូវបានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំងដប់នៅក្នុងប្រទេសចិន។ សេដ្ឋកិច្ចក្រុងឈានចូវប្រកាន់ខ្ជាប់នូវការបង្កើតឧស្សាហកម្មផលិតកម្ម និងយកចិត្តទុកដាក់លើការផ្លាស់ប្តូរ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម និងតំបន់បច្ចេកវិទ្យាខ្ពស់ជាតិ។

លោកក៏បានគូសរំលេចផងដែរថាប្រទេសកម្ពុជា គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់មួយក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានផ្តួចផ្តើមដោយប្រទេសចិន ហើយជាកាលានុវត្តភាព និងសក្តានុពលនៃការអភិវឌ្ឍដែលបានទាក់ទាញសហគ្រិន វិនិយោគិនចិនកាន់តែច្រើនឡើងដើម្បីអនុវត្តគម្រោងអាជីវកម្ម ហើយសម្រេចបានសមិទ្ធផលជាច្រើនដើម្បីចាក់បញ្ចូលបន្ថែមកម្លាំងកាន់តែរឹងមាំដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

លោកក៏សាទរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសមាគមឈានចូវប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រជាជនចិននិងប្រជាជនកម្ពុជាដែលបានរួមចំណែកផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា។

លោក HUANG WENJI ប្រធានសមាគមឈានចូវប្រចាំកម្ពុជា បានថ្លែងថា ក្រោមកិច្ចសហការជាមួយលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន វេទិកានាថ្ងៃនេះគោលបំណងនៃការរៀបចំកម្មវិធីនេះគឺ ១៖ ចូលរួមនៅក្នុងការអបអរសាទរខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងកម្ពុជា ២៖ បង្កើនសោមនស្សរីករាយជាមួយបណ្តាវិនិយោគិនទាំងកម្ពុជា ទាំងចិន និងបរទេសនានាក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និង៣៖ វេទិកាវិទ្យាសាស្រ្តសេដ្ឋកិច្ចចំហស្តីពីកិច្ចសហប្រតិបត្តិការអាជីវកម្ម និងផែនការសកម្មភាពវិនិយោគនៅកម្ពុជានា ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់សង្គមកម្ពុជា៕