(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចម្រើន របស់វិស័យសន្ដិសុខឯកជននៅក្នុងប្រទេសកម្ពុជា ពិសេសក្រោមការយកចិត្តទុកដាក់គាំទ្រ និងពង្រឹងសមត្ថភាពដល់ភ្នាក់ងារសន្ដិសុខឯកជន ពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាតំណាងរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៥០ របស់នាយកដ្ឋានគ្រប់គ្រងសន្ដិុសុខឯកជន ដែលមានសិក្ខាកាមចូលរួមចំនួន១២៩នាក់ (ស្រី៤នាក់) ក្នុងនោះនាយ-នាយនគរបាលរងរបស់នាយកដ្ឋាន ចំនួន៥នាក់។

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានចាត់ទុកថា ការបណ្ដុះបណ្ដាលបំប៉នជំនាញដល់ភ្នាក់ងារសន្ដិសុខឯកជន គឺជារឿងដែលចាំបាច់ ក៏ដូចជាការងារអាទិភាពមួយរបស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីពង្រឹងលើកកម្ពស់សមត្ថភាព និងគុណភាពរបស់ភ្នាក់ងារសន្ដិសុខឯកជន សំដៅចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ខណៈភ្នាក់ងារសន្ដិសុខឯកជន ជាកម្លាំងជំនួយដ៏សំខាន់របស់សមត្ថកិច្ច។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានអះអាងដែរថា កន្លងមកនេះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ មានសមត្ថភាព ចំណេះដឹងវិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីលើកកម្ពស់ដល់វិស័យនេះឲ្យមានការរីកចម្រើនជាបន្ដបន្ទាប់ទៀត។

ជាមួយគ្នានេះ លោកក៏បានធ្វើការណែនាំនូវការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ ស្នើភ្នាក់ងារសន្តិសុខឯកជន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយទទួលការបណ្តុះបណ្តាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន ត្រូវមានវិន័យ, ក្រមសីលធម៌, ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់។

*ទី២៖ ត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន៖ ជាពលរដ្ឋល្អ និងមហាជនល្អ, ជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច, សហការបានល្អ ឆ្លើយតបបានទាន់ពេលវេលា។ (នៅពេលខ្លួនបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរ មានសមត្ថកិច្ច ឬមកនាយកដ្ឋាន ផ្ទាល់តាមរយៈលេខទូរស័ព្ទ ឬដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសបានទាន់ពេលវេលា)។

*ទី៣៖ រួមគា្នចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព។

*ទី៤៖ នាយកក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា (បន្តចូលរួមគាំទ្រវគ្គបណ្តុះបណ្តាល) ដោយបញ្ចូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា

*ទី៥៖ សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពច្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ និងត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឲ្យបានគ្រប់ៗគ្នាផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៥០លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន ៨,៧០៩នាក់ (ស្រី២០២នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន១៩៨នាក់ (ស្រី១២នាក់)។

លោកបន្ដថា ការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ។

បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, នាយកដ្ឋានសង្កេតឃើញថា ភ្នាក់ងារសន្តិសុខ ដែលបានឆ្លងវគ្គបំប៉នជំនាញនេះ ធ្វើឲ្យមានវិជ្ជាជីវៈច្បាស់លាស់ មានក្រមសីលធម៌ល្អ អប្បកិរិយាល្អ មានកិច្ចសហការល្អ និងចេះដឹងផ្នែកច្បាប់មួយចំនួន ធ្វើឲ្យវិស័យសន្តិសុខឯកជននេះមានការគាំពារ ប្រកបដោយគុណភាព និងនិរន្តភាព។ លោកបានលើកទឹកចិត្តដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវរាយការណ៍អំពីសភាពការណ៍ ឬបទល្មើស ដែលបានកើតឡើងនូវតាមបណ្តាគោលដៅរបស់ខ្លួន ទៅដល់សមត្ថកិច្ច មូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀន៕